ព័ត៌មានអន្តរជាតិ

កងកម្លាំងចម្រុះ ដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត និយាយថា នៅពីក្រោយការបង្កើន កម្លាំងយោធាលើកោះសមុទ្រក្រហម

បរទេស៖កងកម្លាំងចម្រុះយោធាដឹកនាំ ដោយអារ៉ាប៊ីសាអូឌីតនៅប្រទេស យេម៉ែន បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ខ្លួនបានបង្កើតវត្តមាន លើកោះយុទ្ធសាស្ត្រមួយ ស្ថិតនៅតាមច្រកចូលទៅសមុទ្រក្រហម ដើម្បីទប់ស្កាត់ការគម្រាមកំហែង ចំពោះជំនួញដែនសមុទ្រ ពីចលនាពួកហូធី។

សេចក្តីថ្លែងការណ៍នេះ គឺត្រូវបានចេញ ក្នុងដំណើរឆ្លើយតប ចំពោះសេចក្តីរាយការណ៍នៃកាសែត Associated Press ដែលលើកឡើងពីសម្តីមន្ត្រីយេមែននិយាយថា សហភាពអារ៉ាប់រួមនៅពីក្រោយមូលដ្ឋានទ័ពអាកាសមួយ ស្ថិតនៅលើកោះ Perim តាមច្រកសមុទ្រ Bab al-Mandab។

អារ៉ាប៊ីសាអូឌីតបាននិយាយថា “សម្ភារៈទាំងអស់ ដែលបច្ចុប្បន្នស្ថិតនៅលើកោះ Perim នោះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីបញ្ជាការកងកម្លាំងចម្រុះ និងដាក់នៅទីនោះដើម្បីទប់ស្កាត់កងជីវពលពួកហូធី រក្សាសន្តិសុខនាវាចរណ៍ដែនសមុទ្រ និងគាំទ្រដល់កងកម្លាំងតំបន់ឆ្នេរខាងលិច។

ចំណែកអាជ្ញាធរសហភាពអារ៉ាប់រួម នៅក្នុងពេលបច្ចុប្បន្ននេះ នៅមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយណាមួយ ចំពោះសេចក្តីរាយការណ៍របស់កាសែត AP នោះទេ។ សហភាពអារ៉ាប់រួមបានដកកងកម្លាំងខ្លួនភាគច្រើន ចេញពីប្រទេសយេម៉ែន នៅក្នុងឆ្នាំ២០១៩ ប៉ុន្តែនៅរក្សាឥទ្ធិពលខ្លួន តាមរយៈកងកម្លាំងប្រយុទ្ធភាគខាងត្បូង ដែលខ្លួនបានផ្តល់អាវុធនិងការហ្វឹកហាត់៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top