ព័ត៌មានអន្តរជាតិ

អាមេរិកនិងអ៊ីស្រាអែល ធ្វើប្រតិបត្តិការល្បាតរួមគ្នា នៅសមុទ្រក្រហម

បរទេស៖នាវាចម្បាំងរបស់អាមេរិកនិងអ៊ីស្រាអែល បានធ្វើប្រតិបត្តិការល្បាតសន្តិសុខដែនសមុទ្ររួមគ្នាមួយនៅក្នុងសមុទ្រក្រហម ក្នុងសប្ដាហ៍នេះ ស្របពេលដែលការផ្លាស់ប្តូរក្នុងទំនួលខុសត្រូវចំពោះអ៊ីស្រាអែល ពីទីបញ្ជាការនៅអឺរ៉ុបរបស់អាមេរិក ទៅឲ្យទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បានមានប្រសិទ្ធភាពនៅថ្ងៃពុធសប្ដាហ៍នេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កងទ័ពជើងទឹកអាមេរិកបាននិយាយថា សមយុទ្ធនោះ រួមមានការចូលរួមដោយនាវាសមត្ថភាពមីស៊ីលនៃកងនាវាលេខ៥អាមេរិក USS និងយន្តហោះល្បាតដែនសមុទ្រ របស់ទ័ពជើងទឹកមួយគ្រឿង រួមជាមួយនាវាចម្បាំងទ័ពជើងទឹកអ៊ីស្រាអែលមួយគ្រឿង និងទូកល្បាត២គ្រឿង ដែលធ្វើកិច្ចការពារដែនអាកាស។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ លោក Brad Cooper ជាមេបញ្ជាការនៃទីបញ្ជាការកណ្ដាលកងកម្លាំងជើងទឹកអាមេរិក កងនាវាលេខ៥សហរដ្ឋអាមេរិក និងកងកម្លាំងដែនសមុទ្ររួម បាននិយាយថា “កងទ័ពជើងទឹករបស់យើង កំពុងតែបោះជំហានឈានចូល ក្នុងយុគសម័យថ្មីនៃសហប្រតិបត្តិការ និងការកសាងសមត្ថភាពកាន់តែធំទូលាយ”។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា លោកបានមានប្រសាសន៍បន្ថែមទៀតយ៉ាងដូច្នេះថា “យើងកំពុងចង់ដៃគូក្នុងមធ្យោបាយថ្មី ដែលមានសារៈសំខាន់ សម្រាប់រក្សាសន្តិសុខបរិយាកាសដែនសមុទ្រដ៏មានឥទ្ធិពល នាពេលបច្ចុប្បន្ននេះ”៕

Most Popular

To Top