អាជ្ញាធរកូរ៉េខាងជើងបានបញ្ជាឱ្យសម្លាប់សត្វឆ្មា និងសត្វព្រាបទាំងអស់នៅតាមតំបន់ព្រំដែន ដោយសារតែការភ័យខ្លាច ការរាលដាលនៃជំងឺរាតត្បាត។ វិធានការណ៍ផ្សេងៗ ត្រូវបានណែនាំដោយអាជ្ញាធរ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដែលរួមមានការបញ្ជាឱ្យសម្លាប់ សត្វឆ្មាទាំងអស់នៅតាមផ្លូវ និងបាញ់សត្វឆ្មា ឬបក្សីណាដែលព្យាយាមឆ្លង កាត់ព្រំដែនជាមួយប្រទេសចិន ។
ការរាយការណ៍ បានលើកឡើងថា គ្រួសារមួយមកពីស្រុក Songhu នៃខេត្ត Hyesan ត្រូវបានគេដាក់នៅក្នុងមណ្ឌលចត្តាឡីស័កសម្ងាត់ដោយពួកគេបានចិញ្ចឹមសត្វឆ្មារនៅក្នុងផ្ទះរបស់ពួកគេ។
ប្រភពមួយបាននិយាយថា ក្រុមគ្រួសារមួយត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល ២០ ថ្ងៃនៅក្នុងភាពដាក់ដោយឡែក ចំពោះការចិញ្ចឹមឆ្មាខុសច្បាប់ យោងតាមបទបញ្ជា ដែលមិនឱ្យធ្វើដូច្នេះនៅក្នុងតំបន់ព្រំដែន រវាងចិន និងកូរ៉េខាងជើង។
នៅក្នុងការរាយការណ៍នោះ ពីដំបូងក្រុមគ្រួសារនោះ បានប្រាប់អាជ្ញាធរថា ឆ្មារបស់ពួកគេបានងាប់ នៅពេលដែលក្រុមមន្ត្រី បានចុះទៅត្រួតពិនិត្យមើលថា តើពួកគេកំពុងទុកសត្វចិញ្ចឹម ឬអត់ ។ យ៉ាងណាក៏ដោយ សត្វនេះត្រូវបានគេប្រទះឃើញនៅក្បែរព្រំដែនចិន ហើយក្រុមគ្រួសារ ត្រូវបានបំបែកចេញជាបន្តបន្ទាប់ ខណៈដែលអាជ្ញាធរបានដកហូតសត្វឆ្មានោះ៕