ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ធ្វើការតវ៉ា ចំពោះវត្តមានចិន នៅដែនសមុទ្រចិន ខាងត្បូង

បរទេស ៖ ក្រសួងការបរទេស ហ្វីលីពីន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសហ្វីលីពីន នាពេលថ្មីៗនេះ បានធ្វើការតវ៉ា ចំពោះការបន្តមានវត្តមាន និង សកម្មភាពរបស់ចិន នៅជិតកោះមួយ ក្នុងដែនសមុទ្រចិនខាងត្បូង ដែលប្រទេសហ្វីលីពីន អះអាងកម្មសិទ្ធិ។
ទីក្រុងម៉ានីល បានដាក់ការតវ៉ា តាមផ្លូវការទូត កាលពីថ្ងៃសុក្រ ជុំវិញ ការដាក់ពង្រាយ ឥតឈប់ឈរ វត្តមានរយៈពេលយូរ និងសកម្មភាពខុសច្បាប់ នៃឧបករណ៍ដែន សមុទ្រនិងទូកនេសាទចិន នៅក្នុងតំបន់ដែលស្ថិតនៅក្បែរកោះ Thitu ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ស្ថានទូតចិននៅក្នុងទីក្រុងម៉ានីល នៅពេលភ្លាមៗនេះ នៅមិនទាន់ធ្វើការឆ្លើយតប ចំពោះសំណើសុំឲ្យផ្តល់ សេចក្តីអត្ថាធិប្បាយ អំពីរឿងនេះនៅឡើយនោះទេ ។

គួរបញ្ជាក់ថា ភាពតានតឹងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង បានកើនកម្តៅខ្លាំងឡើង ជុំវិញវត្តមានជាច្រើនខែ របស់ទូកចិនរាប់រយគ្រឿង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហ្វីលីពីន ។ ហ្វីលីពីននិយាយថា ខ្លួនជឿជាក់ថា ទូកទាំងនោះគឺត្រូវបានប្រើប្រាស់ ដោយកងជីវពល ចំណែកទីក្រុងប៉េកាំងនិយាយថា ពួកវាជាទូកនេសាទ ដែលគេចពីអាកាសធាតុអាក្រក់ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top