ព័ត៌មានអន្តរជាតិ

កាតា មើលមិនឃើញ មូលហេតុ ត្រូវបង្កើត ចំណងមិត្តភាព ប្រក្រតីជាមួយស៊ីរី

បរទេស ៖ ក្រោយលោកប្រធានាធិបតីស៊ីរី បាហ្សា អាល់អាសាដ ឈ្នះឆ្នោត ក្នុងអាណត្តិទី៤ កាលពីសប្ដាហ៍មុន ក្នុងដំណើរការបោះឆ្នោតមួយ ដែលពួកប្រឆាំង និងលោកខាងលិចចម្អកថា ជាត្លុក កម្លែងនោះ រដ្ឋមន្ត្រីការបរទេសកាតា បាននិយាយថា ប្រទេសកាតាគ្មានផែនការ បង្កើតចំណងមិត្តភាព ផ្លូវការ ជាមួយប្រទេសស៊ីរីទេ ។

ប្រទេសកាតា គឺបានស្ថិតនៅក្នុងចំណោម ប្រទេសក្នុងតំបន់មួយចំនួន រួមបញ្ចូលទាំងអារ៉ាប៊ីសាអូឌីត ដែលគំាំទ្រពួកឧទ្ទាម ក្នុងសង្គ្រាមស៊ីវិលមួយទសវត្ស ក្នុងប្រទេសស៊ីរី ហើយប្រទេសខ្លះ ដូចជាសហភាពអារ៉ាប់រួមជាដើម បានស្វះស្វែងបង្កើត ចំណងមិត្តភាពផ្លូវការ ក្រោយលោក អាសាដ ទទួលបានការគ្រប់គ្រង លើតំបន់ភាគច្រើនក្នុងប្រទេស ។

រដ្ឋមន្ត្រីការបរទេសកាតា លោក Mohammed bin Abdulrahman Al-Thani បាននិយាយប្រាប់ទូរទស្សន៍ Al Araby មានមូលដ្ឋាននៅអង់គ្លេស ក្នុងបទសម្ភាសន៍មួយថា “រហូតមកទល់ពេលនេះ យើងមើលមិនឃើញអ្វីសោះ សម្រាប់ដំណោះស្រាយ នយោបាយ ដែលអាចទទួលយក បានចំពោះប្រជាជនស៊ីរី ។ វិធីសាស្ត្រនិងការប្រព្រឹត្ត (របស់របបស៊ីរី) គ្មានផ្លាស់ប្តូរអ្វីនោះទេ” ។

លោក Mohammed តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ បន្ថែមទៀតថា “គ្មានអ្វីជំរុញឲ្យយើង ធ្វើការបង្កើតជាថ្មីនូវចំណងមិត្តភាពជាមួយរបបស៊ីរី នៅក្នុងពេលបច្ចុប្បន្ននេះទេ ។ របបស៊ីរី គឺកំពុងតែប្រព្រឹត្តធ្វើ ឧក្រិដ្ឋកម្មលើប្រជាជនខ្លួនឯង”៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top