បរទេស ៖ ប្រទេសអាល្លឺម៉ង់ នៅថ្ងៃអង្គារនេះ បានធ្វើការបដិសេធ ច្រានចោលសំណើ សុំឲ្យបញ្ជូនអាវុធ ឲ្យទីក្រុងគៀវ ក្រោយប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskiy បានស្នើសុំកាំភ្លើងវែង វិទ្យុទាក់ទង និងរថយន្តពាសដែក ពីទីក្រុងប៊ែកឡាំង ។
នៅមុនសន្និសីទ តាមវីដេអូមួយ ជាមួយសមភាគីណាតូ នានារបស់លោកនោះ រដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ លោក Heiko Maas បាននិយាយប្រាប់ អ្នកកាសែតយ៉ាងដូច្នេះថា “ខ្ញុំមានជំនឿចិត្តថា ជម្លោះ (នៅក្នុងប្រទេសអ៊ុយក្រែន ភាគខាងលិច) អាចនឹងត្រូវបានដោះស្រាយ តាមមធ្យោបាយនយោបាយ” ។
យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបាននិយាយបន្ថែមទៀតថា “នេះនឹងនៅតែជាគោលការណ៍ ណែនាំនៃការចូលរួមរបស់យើង ជាមួយប្រទេស អ៊ុយក្រែន ហើយនឹងគ្មានការផ្លាស់ប្តូរ នោះទេ ។ ការបញ្ជូនអាវុធ ឲ្យនឹងមិនជួយអ្វីបានឡើយ” ។
គួរបញ្ជាក់ថា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ធ្លាប់បានលើកឡើងពីការគាំទ្ររបស់អាល្លឺម៉ង់ ចំពោះប្រទេស អ៊ុយក្រែន ក្នុងជម្លោះកំពុងតែប្រព្រឹត្តទៅ រវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ប៉ុន្តែលោកស្រី មិនបានគម្រាមធ្វើសកម្មភាព បន្ថែមណាមួយលើរុស្ស៊ី ឬក៏ក្នុងលក្ខខណ្ឌផ្តល់ជំនួយយោធា ឬក៏ដាក់ទណ្ឌកម្មនោះទេ ៕
ប្រែសម្រួល៖ប៉ាង កុង