ព័ត៌មានអន្តរជាតិ

ក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ USS Ronald Reagan ធ្វើសមយុទ្ធជាមួយជប៉ុន

បរទេស ៖ នាវានិងយន្តហោះ មកពីក្រុមវាយប្រហារលេខ៥ របស់នាវាផ្ទុកយន្តហោះ អាមេរិក USS Ronald Reagan និងកងកម្លាំងការពារដែនសមុទ្រជប៉ុន បានធ្វើប្រតិបត្តិការរួមគ្នា ដែលបានចប់នៅថ្ងៃសៅរ៍កន្លងទៅ នេះបើយោងតាមកងទ័ព ជើងទឹកអាមេរិក ។

យោងតាមសេចក្តីប្រកាស ព័ត៌មានទ័ពជើងទឹកអាមេរិក ក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ USS Ronald Reagan បានធ្វើប្រតិបត្តិការ ក្នុងដែនទឹកអន្តរជាតិ ជាមួយនាវាពិឃាតឧទ្ធម្ភាគចក្រ JS Ise ដើម្បីពង្រឹងសម្ពន្ធភាព អាមេរិកនិងជប៉ុន និងធ្វើឲ្យប្រសើរឡើង នូវសន្តិសុខក្នុងតំបន់ ។

លោកឧត្តមនាវី Will Pennington ជាមេបញ្ជាការ នៃកងវាយប្រហារលេខ៥ បានមានប្រសាសន៍ ក្នុងសេចក្តីប្រកាសព័ត៌មាន នោះដូច្នេះថា “ការធ្វើប្រតិបត្តិការនៅដែនសមុទ្រ ជាមួយសម្ពន្ធមិត្ត របស់យើង ក្នុងកងកម្លាំងការពារដែន សមុទ្រជប៉ុន គឺដើម្បីធានាថា យើងអាចប្រឈមមុខ នឹងការប្រជែងនៅដែន សមុទ្រជាច្រើន ទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត” ។

គួរបញ្ជាក់ថា ក្រុមវាយប្រហារលេខ៥ នៃនាវាផ្ទុកយន្តហោះ Reagan នេះ ត្រូវបានបញ្ជូន ទៅកាន់តំបន់ ប្រតិបត្តិការ របស់កងនាវាលេខ៧ របស់សហរដ្ឋអាមេរិក ក្នុងដំណើរគាំទ្រ ដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបានចាកចេញពីជប៉ុន កាលពីពាក់កណ្ដាល ខែឧសភា៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top