បរទេស ៖ ការដកចេញនូវការរឹតត្បិតរបស់សហរដ្ឋអាមេរិក លើប្រព័ន្ធមីស៊ីល គឺអាចអនុញ្ញាត ឱ្យប្រទេសកូរ៉េខាងត្បូង អភិវឌ្ឍបច្ចេកវិទ្យា ដែលជួយបង្កើនការរាំង ស្ទះផ្នែកយោធា ក្នុងតំបន់របស់ខ្លួន ដែលនេះវាអាចបង្កើនភាពតាន តឹង ជាមួយប្រទេសជិតខាង ខណៈដែលប្រទេស នៅអាស៊ីខាងកើតទទួល បានស្វ័យភាពអាវុធ មិនមែននុយក្លេអ៊ែរ ពេញលេញ បន្ទាប់ពីការតស៊ូមតិជាច្រើនឆ្នាំ ។ នេះបើយោងតាមកាសែត Wall Street Journal ចេញផ្សាយ ដោយដកស្រង់សំដីអ្នកជំនាញ ។
កាលពីចុង ខែមុនរដ្ឋបាលរបស់លោក Biden បានដកការរឹតត្បិតចុង ក្រោយលើកម្មវិធីមីស៊ីល របស់រដ្ឋាភិបាលទីក្រុងសេអ៊ូល ដោយដកដែនកំណត់ចម្ងាយ ៨០០ គីឡូម៉ែត្រ លើដែន កំណត់មីស៊ីល ផ្លោងរបស់ប្រទេសនេះ ហើយបើយោងតាមអ្នកជំនាញ វាគឺជាការផ្លាស់ប្តូរ ដ៏សំខាន់មួយ នៅក្នុងគោល នយោបាយព្រោះថា មីស៊ីលរបស់កូរ៉េខាងត្បូងឥឡូវនេះ អាចបាញ់បានឆ្ងាយល្មម ដើម្បីវាយប្រហារទីក្រុង ប៉េកាំង មូស្គូ និងកន្លែងផ្សេងទៀត។
ក្រុមអ្នកវិភាគខាងសន្តិសុខ បានប្រាប់កាសែតនោះថា សម្ព័ន្ធមិត្ត ដែលមានអាវុធល្អ ៗ នឹងជួយទីក្រុងវ៉ាស៊ីនតោន ជាពិសេសនៅពេល មានភាពតានតឹង កាន់តែខ្លាំងឡើង ជាមួយ ទីក្រុងប៉េកាំង ជុំវិញកោះតៃវ៉ាន់ និងសមុទ្រ ចិនខាងត្បូង ហើយនឹងបង្កើន ជំហរឲ្យប្រទេសចិន ចូលរួមក្នុងវិស័យការ ទូតកូរ៉េខាងជើង ៕
ប្រែសម្រួលៈ ណៃ តុលា