ព័ត៌មានអន្តរជាតិ

ចិន ជំរុញណាតូឲ្យឈប់និយាយបំផ្លើស ពីទ្រីស្តី នៃការគម្រាមកំហែង ពីចិន

បរទេស៖បេសកកម្មចិននៅអឺរ៉ុប តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារនេះ បានជំរុញអង្គការណាតូឲ្យឈប់ ែនិយាយបំផ្លើសស្តីពីទ្រីស្តីនៃការគម្រាមកំហែងពីចិន ក្រោយមេដឹកនាំនៃសម្ពន្ធមិត្តយោធានេះ បានព្រមានថា ប្រទេសចិន បានបង្ហាញនូវ ការប្រជែងជាប្រព័ន្ធ។

ថ្នាក់ដឹកនាំនៃអង្គការណាតូ កាលពីថ្ងៃចន្ទម្សិលមិញនេះ បានបង្ហាញនូវគោលជំហរដ៏ខ្លាំងក្លា ចំពោះទីក្រុងប៉េកាំង នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ នៅក្នុងជំនួបកំពូលដំបូងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ជាមួយនឹងសម្ពន្ធមិត្តយោធា គឺអង្គការណាតូ។

ថ្នាក់ដឹកនាំរបស់ណាតូ តាមសេចក្តីរាយការណ៍ បាននិយាយយ៉ាងដូច្នេះថា “មហិច្ឆតានិងឥរិយាបថដ៏គឃ្លើនរបស់ប្រទេសចិន បង្ហាញឲ្យឃើញនូវការប្រជែងជាប្រព័ន្ធ ចំពោះបទបញ្ជាអន្តរជាតិដែលផ្អែកលើផ្លូវច្បាប់ និងចំពោះតំបន់ដែលមានពាក់ព័ន្ធនឹង សន្តិសុខរបស់អង្គការណាតូ”។

នៅក្នុងដំណើរឆ្លើយតបមួយ ដែលបានបង្ហោះលើគេហទំព័រផ្លូវការរបស់បេសកកម្មចិន បាននិយាយថា សេចក្តីថ្លែងការណ៍របស់ណាតូ បានមូលបង្កាច់ដំណើរអភិវឌ្ឍប្រកបដោយសន្តិភាពរបស់ប្រទេសចិន វិនិច្ឆ័យខុសចំពោះស្ថានភាពអន្តរជាតិ និងបានបង្ហាញឲ្យឃើញ នូវផ្នត់គំនិតសង្គ្រាមត្រជាក់៕ប្រែសម្រួល៖ប៉ាង កុង


Most Popular

To Top