ព័ត៌មានអន្តរជាតិ

អ្នកវិភាគ៖កូរ៉េខាងជើង អាចមានអាវុធនុយក្លេអ៊ែចន្លោះពី ៤០ទៅ៥០ គ្រាប់

បរទេស៖យោងតាមក្រុមអ្នកវិភាគ ស៊ុយអែតមួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង នៅតែបន្តធ្វើការអភិវឌ្ឍផលិតអាវុធប្រល័យលោក ហើយប្រទេសនេះ ត្រូវបានគេជឿថា នៅពេលថ្មីៗនេះ បានបង្កើនចំនួនអាវុធនុយក្លេអ៊ែរបស់ខ្លួន។
វិទ្យាស្ថានសន្តិភាពអន្តរជាតិ Stockholm បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំមួយដែលចេញផ្សាយកាលពីថ្ងៃចន្ទថា ទីក្រុងព្យុងយ៉ាង គឺជាប្រទេសមួយក្នុងចំណោមប្រទេសមានអាវុធនុយក្លេអ៊ែទាំង៩នៅលើពិភពលោក ដែលជាក្រុមប្រទេសមួយ រួមមានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ប៉ាគីស្ថាននិងអ៊ីស្រាអែល។

របាយការណ៍នៃវិទ្យាស្ថាននេះ បាននិយាយថា ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ មិនបានធ្វើតេស្តអាវុធនុយក្លេអ៊ែទេ ចាប់តាំងពីឆ្នាំ២០១៧មក និងមិនបានបាញ់តេស្តសាកល្បងមីស៊ីលផ្លោងវាយប្រហារក្នុងចម្ងាយឆ្ងាយ នៅក្នុងឆ្នាំ២០២០កន្លងទៅ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា វិទ្យាស្ថានសន្តិភាពអន្តរជាតិនេះ បាននិយាយប្រាប់ថា ប៉ុន្តែប្រទេសកុម្មុយនិស្តកូរ៉េខាងជើងនេះ នៅតែបន្តផលិតកម្មវត្ថុធាតុដើម និងអភិវឌ្ឍផលិតមីស៊ីលផ្លោងវាយប្រហារក្នុងចម្ងាយខ្លីនិងឆ្ងាយ ដោយមិនឲ្យគេដឹង។

វិទ្យាស្ថានដដែលនេះ បានធ្វើការប៉ាន់ស្មានថា ទីក្រុងព្យុងយ៉ាង នាពេលបច្ចុប្បន្ននេះ មានអាវុធនុយក្លេអ៊ែក្នុងដៃចន្លោះពី៤០ទៅ៥០គ្រាប់ ដែលនេះជាចំនួនកើនឡើងលើសពីឆ្នាំមិញ ជាពេលដែលប្រទេសនេះ ត្រូវបានគេជឿថា មានអាវុធនុយក្លេអ៊ែចន្លោះពី៣០ទៅ៤០គ្រាប់ ប៉ុណ្ណោះ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top