ម៉ូស្គូ៖ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-160 របស់រុស្ស៊ី ២គ្រឿងបានហោះលើដែនទឹកអព្យាក្រឹតនៃសមុទ្របាល់ទិកកាលពីថ្ងៃអង្គារភ្លាមៗ បន្ទាប់ពីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានបញ្ចប់កិច្ចប្រជុំកំពូលមួយនៅទីក្រុងប្រ៊ុចសែល។
ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ការហោះហើររបស់របស់យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តទាំង ២គ្រឿងខាងលើនេះ អមដោយយន្តហោះចម្បាំង Su-35S និង Su-27 របស់រុស្ស៊ី ដោយបានចំណាយពេល ៨ ម៉ោង។
យោងតានការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា នៅដំណាក់កាលជាក់លាក់នៃបេសកកម្មយន្តហោះរុស្ស៊ី ត្រូវបានអមដោយយន្តហោះចម្បាំងអ៊ីតាលី ដាណឺម៉ាក និងស៊ុយអែត។
ក្រសួងបានបន្ថែមថា ការហោះហើររបស់យន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី ត្រូវបានអនុវត្តស្របតាមច្បាប់អន្តរជាតិ សម្រាប់ការប្រើប្រាស់ដែនអាកាស។
ដោយ ឈូក បូរ៉ា