ព័ត៌មានអន្តរជាតិ

ទ័ពជើងទឹកអាមេរិក៖ ក្រុមនាវា ផ្ទុកយន្តហោះ កំពុងប្រតិបត្តិការ នៅដែនសមុទ្រចិនខាងត្បូង

បរទេស៖ស្របពេលដែលមានភាពតានតឹង កើនឡើង រវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន កងទ័ពជើងទឹកអាមេរិក បាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមនវាយប្រហាររបស់ នាវាផ្ទុកយន្តហោះអាមេរិក ដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Ronald Reagan នាពេលថ្មីៗនេះ បានធ្វើដំណើរចូលក្នុងដែនសមុទ្រចិន ខាងត្បូង ជាផ្នែកនៃបេសកកម្មតាមប្រក្រតី។

ជាញឹកញាប់ ប្រទេសចិនតែងតែប្រឆាំងនឹងបេសកកម្មយោធាអាមេរិក នៅដែនសមុទ្រចិនខាងត្បូង ដោយនិយាយថា ពួកវាមិនបានជួយលើកកម្ពស់សន្តិភាព ឬក៏ស្ថិរភាពនោះទេ ហើយសេចក្តីប្រកាសរសប់ទ័ពជើងទឹកអាមេរិកនេះ គឺធ្វើឡើងក្រោយចិនថ្កោលទោសក្រុមប្រទេស G7 ដែលចេញសេចក្តីថ្លែងការណ៍រិះគន់ចិន ជុំវិញបញ្ហានានាជាច្រើន។

កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយយ៉ាងដូច្នេះថា ក្នុងខណៈនៅក្នុងដែនសមុទ្រចិនខាងត្បូង ក្រុមវាយប្រហារនេះ នឹងធ្វើប្រតិបត្តិការសន្តិសុខដែនសមុទ្រ ដែលរួមមានទាំងប្រតិបត្តិការហោះហើរជាមួយ យន្តហោះនិងឧទ្ទម្ភាគចក្រ សមយុទ្ធវាយប្រហារនៅដែនសមុទ្រ និងការហ្វឹកហាត់យុទ្ធសាស្ត្ររួមគ្នា រវាងក្រុមលើផ្ទៃសមុទ្រនិងដែនអាកាស។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក ក៏បាននិយាយ ផងដែរថា “ប្រតិបត្តិការនាវាផ្ទុកយន្តហោះនៅដែនសមុទ្រចិនខាងត្បូង គឺជាផ្នែកនៃវត្តមានតាមប្រក្រតីរបស់ទ័ពជើងទឹកអាមេរិកនៅតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក”៕

Most Popular

To Top