បរទេស៖អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបដិសេសសេចក្តីប្រកាសរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដែលថា ថ្នាក់ដឹកនាំណាតូ ទើបបានបញ្ជាក់ថា ប្រទេសអ៊ុយក្រែន នឹងក្លាយជាសមាជិកមួយរបស់ខ្លួន។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Jens Stoltenberg បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា ការបោះឆ្នោតលើប្រទេសអ៊ុយក្រែន មិនបានទទួលការព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទនោះទេ។

អគ្គលេខាធិការអង្គការណាតូរូបនេះ បានថ្លែងយ៉ាងដូច្នេះថា “ដើម្បីព្រមព្រៀងគ្នាលើគម្រោងនៃសកម្មភាពជាសមាជិក អ្នកចំាបាច់ត្រូវការការព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទ នៅក្នុងចំណោមសមាជិកសម្ពន្ធមិត្តទាំង៣០ប្រទេស ហើយនេះមិនមែនជាការផ្តោតរបស់ជំនួបកំពូលនេះនោះទេ”។

គួរបញ្ជាក់ថា ការថ្លែងយ៉ាងដូច្នោះរបស់លោក Jens Stoltenberg គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃបន្ទាប់ពីជំនួបកំពូលប្រចាំឆ្នាំរបស់សម្ពន្ធមិត្តយោធា នៅក្នុងទីក្រុងព្រួចសែល ជាទីដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មិនបានបង្ហាញនូវគំនិតរបស់លោក ស្តីពីការចូលជាសមាជិកណាតូ របស់ប្រទេសអ៊ុយក្រែននោះទេ៕
