ព័ត៌មានអន្តរជាតិ

ប្រព័ន្ធការពារ ដែនអាកាសអារ៉ាប៊ីសាអូឌីត បាញ់ទម្លាក់កូនដ្រូន ប្រដាប់អាវុធ ពួកហូធី ជិត២០គ្រឿង

បរទេស៖ ទូរទស្សនរដ្ឋអារ៉ាប៊ីសាអូឌីត បានដកស្រង់សម្តីកងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីតថា ប្រព័ន្ធការពារដែនអាកាស របស់អារ៉ាប៊ីសាអូឌីត កាលល្ងាចថ្ងៃសៅរ៍ម្សិលមិញនេះ បានបាញ់កម្ទេចកូនដ្រូន ប្រដាប់អាវុធចំនួន៦គ្រឿង បញ្ជាដោយចលនាពួកឧទ្ទាមហូធីនៅយេម៉ែន ឆ្ពោះទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ធ្វើឲ្យចំនួនកូនដ្រូនសរុបដែលត្រូវបាញ់ទម្លាក់នៅពេលថ្ងៃ ឡើងដល់១៧គ្រឿងហើយ។

មន្ត្រីនាំពាក្យយោធារបស់ពួកឧទ្ទាមហូធីមួយរូប តាមសេចក្តីរាយការណ៍ ធ្លាប់បាននិយាយកាលពីព្រឹកម្សិលមិញនេះ លើបណ្ដាញសង្គមធ្វីតធ័រថា កូនដ្រូនមួយគ្រឿង ត្រូវបានបង្ហោះទៅវាយប្រហារ នៅមូលដ្ឋានយោធាមួយកន្លែង ក្នុងទីក្រុង Khamis Mushait។

កងកម្លាំងចម្រុះបាននិយាយប្រាប់ថា កូនដ្រូនពីរគ្រឿងថែមទៀត បានធ្វើការវាយប្រហារទៅលើទីក្រុង Khamis Mushait  នោះ ស្របពេលដែលចំនួន៨គ្រឿងផ្សេងទៀត បានបាញ់ប្រហារឆ្ពោះទៅតំបន់ខាងត្បូង នៃប្រទេសអារ៉ាប៊ីសាអូឌីត ហើយមួយគ្រឿងក្នុងចំណោមនោះ បានផ្តោតគោលដៅលើទីក្រុង Najran ប៉ុន្តែកូនដ្រូនទាំងអស់នោះ សុទ្ធតែត្រូវបាញ់ទម្លាក់។ 

គួរបញ្ជាក់ថា ចលនាពួកឧទ្ទាមហូធី ដែលមានសម្ពន្ធភាពជាមួយប្រទេសអ៊ីរ៉ង់ ជាញឹកញាប់ បានធ្វើការវាយប្រហារផ្តោតគោលដៅលើទីក្រុង  Khamis Mushait និងទីក្រុងនានានៅតំបន់ខាងត្បូងរបស់អារ៉ាប៊ីសាអូឌីត ស្ថិតនៅតាមព្រំដែន ក្នុងសង្គ្រាមយេម៉ែន មានរយៈពេលជាង៦ឆ្នាំមកនេះ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top