ព័ត៌មានអន្តរជាតិ

តើអាចមើលឃើញ មហាកំពែងចិនឬអត់ ពីឋានព្រះចន្ទមកភពផែនដី?

មហាកំពែងចិន ដែលជាសមិទ្ធិផល របស់បុព្វបុរសប្រទេសចិន មានប្រវែង ដ៏វែងអន្លាយ ប្រមាណ ២១,១៩៦គីឡូម៉ែត្រ គឺអាចមើលឃើញពីគន្លង តារាវិថីកម្រិតទាប ប៉ុន្ដែមិនអាចមើលពីឋាន ព្រះចន្ទនោះទេ ។

យោងតាម NASA ក្នុងគន្លងតារាវិថីកម្រិតទាប ឬពីស្ថានីយ៍អវកាសអន្តរជាតិ មានចម្ងាយ ៤២០ គីឡូម៉ែត្រ ពីភពផែនដី ពួកគេបានថតរូប អាចមើលឃើញមហាកំពែង ប៉ុន្ដែនៅមានលក្ខណៈមិនច្បាស់លាស់ ងាយស្រួលសម្គាល់ប៉ុន្មានឡើយ។

ក្នុងបន្ទាត់ក្រហមជាមហាកំពែងចិន
ប៉ុន្ដែ មហាកំពែងចិន រឹតតែមិនអាចមើលឃើញពី ឋានព្រះចន្ទ ដែលមានចម្ងាយ ៣៨៤៤០០ គីឡូម៉ែត្រ ពីភពផែនដីនោះឡើយ។

យោងទៅតាម លោក Alan Bean ដែលជាអ្នកអាវកាសអាប៉ូឡូទី១២ បញ្ជាក់ថា ចម្ងាយដ៏ឆ្ងាយនេះ គឺមិនអនុញ្ញាតឱ្យមនុស្សមើលឃើញអ្វីច្រើនទេ ដោយអាចត្រឹមឃើញតែរូបរាង ស្វ៊ែររបស់ភពផែនដីពីចម្ងាយ អមជាមួយពណ៌ខៀវ ពណ៌ស ពណ៌បៃតង និងបំណែកនៃពណ៌លឿងតែប៉ុណ្ណោះ។

គួរដឹងបន្ថែមថា ចម្ងាយដែលអាចឱ្យមនុស្សយើងមើលឃើញអ្វីៗជាច្រើនលើភពផែនដី ដូចជា មហាកំពែង សំណង់អាគារ ស្ពាន វាលស្រែ ផ្លូវថ្នល់ លុះត្រាតែអ្នកស្ថិត នៅចម្ងាយកៀកប្រមាណជា ១០០គីឡូម៉ែត្រ ពីភពផែនដី ដែលជាតំបន់អាវកាស កម្រិតទាបបំផុត ហើយក៏ជាកម្ពស់មួយ ដែលខ្សត់អុកស៊ីសែន សម្រាប់ដកដង្ហើមផងដែរ៕

Most Popular

To Top