ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក បៃដិន កំពុងធ្វើការងារ លើគម្រោងជម្លៀស ពលរដ្ឋ អាហ្វហ្គានីស្ថាន រាប់ពាន់នាក់

បរទេស ៖ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានធ្វើការបញ្ជាក់ ក្នុងសន្និសីទកាសែតមួយ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ក្រសួងការបរទេស អាមេរិក និងមន្ទីរបញ្ចកោណ កំពុងធ្វើការងារ លើគម្រោង ជម្លៀសពលរដ្ឋ អាហ្វហ្គានីស្ថាន រាប់ពាន់នាក់ ដែលបានធ្វើការ ឲ្យសហរដ្ឋអាមេរិក នៅក្នុងអំឡុង សង្គ្រាមរយៈពេល២០ឆ្នាំក្នុងប្រទេស អាហ្វហ្គានីស្ថាន ។

លោក John Kirby ដែលជាឧត្តមនាវីចូលនិវត្តន៍ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “យើងកំពុងធ្វើរឿងនេះ យ៉ាងហ្មត់ចត់ ហើយយើងដឹងថា យើងមានកាតព្វកិច្ចមួយ ចំពោះបុរសទាំងអស់នេះ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ” ។

ពលរដ្ឋអាហ្វហ្គានីស្ថាន ចំនួនជាង១៧.០០០នាក់ ដែលធ្វើការជាមួយអាមេរិក និងកងកម្លាំងសម្ពន្ធមិត្ត នៅក្នុងអំឡុង សង្គ្រាមនៅអាហ្វហ្គានីស្ថាន មានសិទ្ធិចូលទៅរស់នៅ ក្នុងទឹកដីសហរដ្ឋអាមេរិក ក្រោយកម្មវិធីទិដ្ឋាការ អន្តោប្រវេសន៍ពិសេស រួមជាមួយមនុស្ស ជាង៥០.០០០នាក់ ដែលជាប្រពន្ធ និងកូនរបស់ពួកគេ ។

ដំណើរការ នៃកម្មវិធីទិដ្ឋាការ អន្តោប្រវេសន៍ពិសេស គឺមានភាពយឺតយ៉ាវ គួរឲ្យកត់សម្គាល់ ដោយរយៈពេលរង់ ចាំជាមធ្យម បានប្រព្រឹត្តទៅអស់ រយៈពេលជាង៣ឆ្នាំ។ លោក John Kirby បានបដិសេធ មិននិយាយឲ្យច្បាស់ពីចំនួន មនុស្ស១៧.០០០នាក់ នឹងត្រូវជម្លៀសនោះ ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top