បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាមនុស្ស៣នាក់ បានបាត់បង់ជីវិតនិងជាច្រើនទៀត រងរបួសនៅក្នុងហេតុការណ៍វាយប្រហារ ដោយកាំបិតពីសំណាក់បុរសម្នាក់ ស្ថិតនៅភាគខាងត្បូង ប្រទេសអាល្លឺម៉ង់ទីក្រុង Wuerzburg។
បុរសជាជនបង្ក ដែលត្រូវបានក៉ណត់អត្តសញ្ញាណថា មានវ័យប្រមាណជា២៤ឆ្នាំ ជាជនជាតិសុម៉ាលី និងក៏ជាអ្នកដែលរស់នៅ ក្នុងទីក្រុងផងដែរ ហើយគាត់ត្រូវបាញ់ឲ្យរបួសត្រង់ជើង មុនក្រុមប៉ូលីស អាចធ្វើការចាប់ឃាត់ខ្លួនគាត់បាន។
សារព័ត៌មានក្នុងស្រុករបស់អាល្លឺម៉ង់ បាននាំគ្នាចេញផ្សាយថា ជនបង្កបានបើកការវាយប្រហារ ទៅលើហ្វូងមនុស្ស ដោយប្រើប្រាស់កាំបិតមួយ ហើយវាកើតឡើង នៅវេលាម៉ោងប្រមាណជា ៥រសៀល និងមានទាំងវិដេអូ ត្រូវបានចេញផ្សាយផងដែរ។
មកដល់ពេលនេះ ក្រុមអជ្ញាធរនៅមិនទាន់បាន ផ្តល់ព័ត៌មានលំអិត អំពីផែនការឬបំណងអ្វីពិត ប្រាកដរបស់ជនឧក្រិដ្ឋរូបនេះ នៅឡើយទេ ប៉ុន្តែជឿជាក់ថាបុរសរូបនេះ គឺជាអ្នកជំងឺវិកលចរិត ដែលកំពុងសម្រាក នៅក្នុងមន្ទីរពេទ្យមួយកន្លែង នៅមុនការកើតហេតុ៕ ប្រែសម្រួល៖ស៊ុនលី