បរទេស៖ទីភ្នាក់ងារទិញឧបករណ៍ ការពារជាតិបាននិយាយថា ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្តនេះ បានធ្វើឲ្យកាន់តែប្រសើរឡើង នូវផែនការទិញប្រព័ន្ធស្ទាក់ចាប់ កំាភ្លើងធំមានទំហំទឹកប្រាក់ ២,៦ពាន់លានដុល្លារ ដែលមានទម្រង់ស្រដៀងនឹងប្រព័ន្ធការពារ Iron Dome ដែលរចនាឡើងដើម្បីការពារកាំភ្លើងវាយប្រហារ ចម្ងាយឆ្ងាយនិងរ៉ុកកែតរបស់ កូរ៉េខាងជើង។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីចុងឆ្នាំមិញនេះ ផែនការការពារជាតិរបស់រដ្ឋាភិបាល បានស្នើឲ្យធ្វើការអភិវឌ្ឍផលិតប្រព័ន្ធការពារ Iron Dome តាមបែបកូរ៉េ ដែលអាចការពារទីក្រុងសេអ៊ូល និងទីតាំងសំខាន់ៗ។
គួរបញ្ជាក់ថា ផ្នែកដ៏ធំនៃតំបន់នៅជុំវិញទីក្រុងសេអ៊ូល ដែលជារដ្ឋធានីរបស់កូរ៉េខាងត្បូង គឺជាទីរស់នៅរបស់មនុស្សប្រមាណពាក់កណ្ដាល៥២លាននាក់ និងស្ថិតនៅក្នុងរយៈចម្ងាយវាយប្រហារពីកាំភ្លើងបាញ់ចម្ងាយឆ្ងាយនិងប្រព័ន្ធបាញ់ពហុរ៉ុកកែតរបស់ប្រទេសកូរ៉េខាងជើង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋបាលកម្មវិធីទិញឧបករណ៍ការពារជាតិ DAPA បាននិយាយថា នៅថ្ងៃចន្ទនេះ គណៈកម្មការមួយដែលចូលរួមជាអធិបតីដោយរដ្ឋមន្ត្រីការពារជាតិ លោក Suh Wook បានធ្វើការអនុម័តគម្រោង ដែលត្រូវការរំពឹងថា នឹងចប់សព្វគ្រប់នៅឆ្នាំប្រមាណ២០៣៥ ក្នុងទំហំទឹកប្រាក់២,៦ពាន់លានដុល្លារ៕ប្រែសម្រួល៖ប៉ាង កុង