ព័ត៌មានអន្តរជាតិ

លោក បៃដិន ណែនាំឲ្យមន្ទីរ បញ្ចកោណ វាយប្រហារទីតាំង របស់កងជីវពល អ៊ីរ៉ង់ នៅអ៊ីរ៉ាក់និងស៊ីរី

បរទេស ៖ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា យោធាសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារ តាមអាកាសកាលពីល្ងាច ថ្ងៃអាទិត្យ ទៅលើទីតាំងមួយចំនួន ដែលជារបស់កងជីវពល គាំទ្រដោយអ៊ីរ៉ង់ចំនួនពីរកន្លែង នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី តាមការណែនាំ របស់លោកប្រធានាធិបតី ចូ បៃដិន ។

មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានប្រកាសពីការ វាយប្រហារនោះ និងបានពិពណ៌នាវាថា ជាការវាយប្រហារតាមអាកាសការពារខ្លួន ផ្តោតគោលដៅលើ ទីតាំងប្រតិបត្តិការ ដោយកងជីវពល Kata’ib Hezbollah និងកងជីវពល Kata’ib Sayyid al-Shuhada ដែលបាននិងកំពុង តែផ្តោតគោលដៅ លើបុគ្គលិកអាមេរិកនិងទីតាំង នៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយប្រើកូនដ្រូនគ្មានមនុស្សបើក ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មា UPI នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យរូបនេះ បានមានប្រសាសន៍បន្ថែមថា ទីតាំងប្រតិបត្តិការនិងឃ្លាំងអាវុធ ចំនួនពីរកន្លែងនៅក្នុងប្រទេសស៊ីរី និងមួយកន្លែង នៅក្នុងប្រទេសអ៊ីរ៉ាក់ បានរងការវាយប្រហារ តាមអាកាសនោះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក John Kirby បានមានប្រសាសន៍យ៉ាងដូច្នេះថា “តាមការបង្ហាញដោយការវាយប្រហារនៅល្ងាចនេះ លោកប្រធានាធិបតី បៃដិន បានប្រាកដច្បាស់ថា លោកនឹងធ្វើចំណាត់ការ ដើម្បីការពារបុគ្គលិកអាមេរិក ហើយព្រោះតែការវាយ ប្រហារ ជាបន្តបន្ទាប់ធ្វើឡើង ដោយក្រុម ដែលគាំទ្រដោយអ៊ីរ៉ង់ ផ្តោតគោលដៅលើផលប្រយោជន៍ សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់នោះ លោកប្រធានាធិបតី បានណែនាំឲ្យមានចំណាត់ ការយោធាបន្ថែមទៀត ដើម្បីរំខាននិងរារាំង ការវាយប្រហារបែបនោះ”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top