បរទេស៖ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ កូរ៉េខាងត្បូងមួយរូប បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងត្បូង នាពេលបច្ចុប្បន្ននេះ កំពុងតែពិភាក្សាគ្នាជាមួយ ក្រុមហ៊ុនផលិតថ្នាំវ៉ាក់សាំង mRNA ដែលរួមមានទំាងក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna ដើម្បីធ្វើការផលិតថ្នាំវ៉ាក់សាំង កូវីដ១៩ នៅក្នុងប្រទេស និងត្រៀមខ្លួន រួចរាល់ផ្តល់សមត្ថភាព ផលិតដល់ទៅចំនួន ១ពាន់លានដូសបានភ្លាមៗ។

គម្រោងនេះ ប្រសិនបើព្រមព្រៀងគ្នានោះ នឹងជួបធ្វើឲ្យធូរស្រាល ដល់ការផ្គត់ផ្គង់ ថ្នាំវ៉ាក់សាំងកូវីដ១៩ លើពិភពលោក ជាពិសេសនោះ គឺនៅក្នុងតំបន់អាស៊ី ដែលយឺតយ៉ាវជាងអាមេរិក ខាងជើងនិងអឺរ៉ុប ក្នុងការចាក់ថ្នាំវ៉ាក់សាំង និងធ្វើឲ្យកូរ៉េខាងត្បូង បោះជំហានទៅកាន់តែជិតមហិច្ឆតា ក្លាយជាមជ្ឈមណ្ឌល ផលិតថ្នាំវ៉ាក់សាំងដ៏ធំ។
នៅក្នុងបទសម្ភាសន៍មួយ លោក Lee Kang-ho ជាអគ្គនាយក នៃគណៈកម្មការកណ្ដាល ថ្នាំវ៉ាក់សាំងសកល ស្ថិតក្រោមក្រសួងសុខាភិបាល នៃប្រទេសកូរ៉េខាងត្បូង បាននិយាយប្រាប់ថា “យើងបាននិងកំពុងតែធ្វើការ ពិភាក្សាគ្នាជារឿយៗ ជាមួយក្រុមហ៊ុនឱសថធំៗ ដើម្បីផលិតថ្នាំវ៉ាក់សាំង mRNA “។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង មានកិច្ចព្រមព្រៀង រួចរាល់ហើយ ដើម្បីធ្វើការផលិតក្នុងស្រុក នូវថ្នាំវ៉ាកសាំងកូវីដ១៩ ចំនួន៣ប្រភេទ ដែលអភិវឌ្ឍផលិត ដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford University ក្រុមហ៊ុន Novavax និងរុស្ស៊ី៕ ប្រែសម្រួល៖ប៉ាង កុង
