បរទេស៖ ប្រទេសចិន បានអះអាងថា សហរដ្ឋអាមេរិកកំពុងតែពាក់ព័ន្ធ ក្នុងការបង្កហេតុដោយចេតនា និងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាព នៅថ្ងៃតែមួយ ដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បដិសេធការអះអាងកម្មសិទ្ធិ ដែនសមុទ្រដោយខុសច្បាប់ របស់ប្រទេសចិន។
មន្ត្រីនាំពាក្យ ក្រសួងការបទេសចិន លោក Zhao Lijian បានមានប្រសាសន៍ ក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃពុធម្សិលមិញនេះថា សហរដ្ឋអាមេរិក កំពុងតែមិនអើពើ នឹងផ្ទៃរឿងប្រវត្តិសាស្ត្រ នៃបញ្ហាដែនសមុទ្រចិនខាងត្បូង និងកំពុងតែបំពានច្បាប់អន្តរជាតិ។
តាមសេចក្តីរាយការណ៍ លោក Zhao Lijian បានមានប្រសាសន៍ យ៉ាងដូច្នេះថា “រដ្ឋាភិបាលអាមេរិក កំពុងមានចេតនាបង្កឲ្យមានជម្លោះ ជុំវិញអធិបតេយ្យភាពទឹកដី និងសិទ្ធិដែនសមុទ្រ នៅដែនសមុទ្រចិនខាងត្បូង ដោយរំលោភលើការ សន្យាសាធារណៈរបស់ខ្លួនមួយថា មិនឈរជើង នៅដែនសមុទ្រចិនខាងត្បូង”។
មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិនរូបនេះ បានថ្លែងប្រាប់បន្តទៀតថា “នេះគឺជាទង្វើគ្មានទំនួលខុសត្រូវ ដ៏ក្រៃលែងមួយ ដែលព្យាយាមរំខាន ដល់ចំណងមិត្តភាព រវាងប្រទេសចិន និងបណ្ដាប្រទេសនៅអាស៊ី ព្រមទាំងបំផ្លាញសន្តិភាព និងស្ថិរភាព ក្នុងតំបន់ផងដែរ”៕ ប្រែសម្រួល៖ប៉ាង កុង