បរទេស៖ ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា អតីតទាហានកូឡុំប៊ីមួយចំនួនដែលត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសហៃទី កាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងការសម្លាប់លោក Moise គឺបានទទួលការបណ្តុះបណ្តាលពីយោធាសហរដ្ឋអាមេរិក ក្នុងកំឡុងពេលរបស់ពួកគេនៅជាយោធាកូឡុំប៊ី។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Ken Hoffman បានសារព័ត៌មាន Washington Post កាលពីថ្ងៃព្រហស្ប៍ថា « ការពិនិត្យឡើងវិញនូវមូលដ្ឋានទិន្នន័យបណ្តុះបណ្តាល របស់យើងបានបង្ហាញថា មនុស្សកូឡុំប៊ីមួយចំនួនតូចដែលត្រូវបានឃុំខ្លួន ជាផ្នែកនៃការស៊ើបអង្កេតនេះ បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល និងអប់រំយោធាអាមេរិក កាលពីពេលមុន ខណៈពេលកំពុងបម្រើជា សមាជិកសកម្មនៃកងកំលាំងកូឡុំប៊ី»។
លោកបានបន្ថែមទៀតថាការបណ្តុះបណ្តាលយោធាបរទេស របស់សហរដ្ឋអាមេរិក គឺមានគោលបំណងលើកកម្ពស់“ ការគោរពសិទ្ធិមនុស្ស ការគោរពតាមច្បាប់និងយោធា ក្រោមឱវាទចំពោះការជ្រើសរើសមេដឹកនាំស៊ីវិល ដែលមានលក្ខណៈប្រជាធិបតេយ្យ” ។
សូមជម្រាបថា ប៉ូលីសជាតិហៃទី (PNH) លោក Leon Charles បាននិយាយថាកម្លាំង របស់លោក បានចាប់ខ្លួនជនជាតិកូឡុំប៊ី ១៨ នាក់ដែលត្រូវបានគេជឿថាជាផ្នែកនៃកងកុម្ម៉ង់ដូ ២៨ នាក់ ដែលបានវាយលុកចូលផ្ទះរបស់លោកប្រធានាធិបតីហៃទី Moise នៅព្រឹកថ្ងៃទី ៧ ខែកក្កដា ដោយបានសម្លាប់លោក និងធ្វើឱ្យភរិយារបស់រងរបួស។ យោងតាមអាជ្ញាធរយោធាកូឡុំប៊ី គឺមនុស្ស ចំនួន ១៧ នាក់ក្នុងចំណោមពួកគេគឺជាអតីតទាហានដោយបានចាកចេញពីការបម្រើនៅចន្លោះឆ្នាំ ២០១៨ និង ២០២០ ៕ ប្រែសម្រួលៈ ណៃ តុលា