សេអ៊ូល ៖ លោកប្រធានាធិបតី កូរ៉េខាងត្បូង Moon Jae-in បានសម្រេចចិត្ត មិនធ្វើទស្សនកិច្ច នៅប្រទេសជប៉ុន សម្រាប់ព្រឹត្តិការណ៍អូឡាំពិក រដូវក្តៅតូក្យូ ដោយលើកឡើងពីការខកខាន មិនបានរៀបចំកិច្ចប្រជុំកំពូល ជាមួយនាយករដ្ឋមន្រ្តីជប៉ុន ដែលនឹងផ្តល់ លទ្ធផលប្រកប ដោយអត្ថន័យក្នុងការពង្រឹង ទំនាក់ទំនង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ការិយាល័យរបស់លោក Moon បាននិយាយថា មន្រ្តីមកពីទីក្រុងសេអ៊ូល និងតូក្យូបានជួបពិភាក្សាលើជម្លោះ មានជាយូរមកហើយ អំពីប្រវត្តិសាស្ត្រសង្គ្រាម និងការអភិវឌ្ឍ ដែលផ្តោតលើអនាគត នៃទំនាក់ទំនង របស់ពួកគេ ប៉ុន្តែមិនបានរកឃើញ នូវមូលដ្ឋានរួមគ្រប់គ្រាន់ ដើម្បីគាំទ្រដល់ជំនួបកំពូល រវាងមេដឹកនាំ របស់ពួកគេឡើយ ។
ប្រទេស ទាំង២ បានពិភាក្សាគ្នាអំពីលទ្ធភាព របស់លោក Moon ទៅទស្សនាទីក្រុងតូក្យូ ដើម្បីចូលរួមក្នុងពិធីបើកអូឡាំពិក និងបានពិភាក្សា ជាមួយ នាយករដ្ឋមន្រ្តី Yoshihide Suga អំពីការជួសជុលចំណង ទាក់ទងទ្វេភាគីបានលិច ដល់ចំណុចក្រោយ សង្គ្រាមក្នុង ប៉ុន្មានឆ្នាំថ្មីៗ នេះដោយមានជម្លោះ លើប្រវត្តិសាស្ត្រពាណិជ្ជកម្ម និងយោធា ។ គេនៅមិនទាន់ច្បាស់ទេថា តើពួកគេមកជិត ដល់ពេលណា ដើម្បីរៀបចំកិច្ចប្រជុំ កំពូលមួយ ចំណែកទីក្រុងសេអ៊ូល បាននិយាយថា កិច្ចចរចារបស់ពួកគេ ត្រូវបានខូចខាត ដោយឧបសគ្គ នាទីចុងក្រោយ ។
យោងទៅតាមសារព័ត៌មាន ក្នុងស្រុកមួយថា សេចក្តីប្រកាសរបស់ការិយាល័យ របស់លោក Moon បានធ្វើឡើង បន្ទាប់ពីក្រសួងការបរទេស កូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍បានកោះហៅ ឯកអគ្គរដ្ឋទូតជប៉ុន Koichi Aiboshi ឲ្យធ្វើការតវ៉ាចំពោះការ លើកឡើង របស់អ្នកការទូត ជាន់ខ្ពស់ជប៉ុនម្នាក់ ផ្សេងទៀត បានប្រើភាសាអសុរោះ ជាមួយអ្នកយកព័ត៌មាន របស់ខ្លួន ដើម្បីចំអកសេចក្តីសង្ឃឹមរបស់ Moon អំពីការប្រើប្រាស់អូឡាំពិក ដើម្បីធ្វើឲ្យប្រសើរឡើង នូវទំនាក់ទំនង ៕ដោយ៖លី ភីលីព