បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រកាសប្រាប់ថា កងទ័ពជើងទឹកនៃប្រទេសឥណ្ឌា ទើបបានទទួលបានឧទ្ធម្ភាគចក្រ Sikorsky MH-60R Seahawk ចំនួនពីរគ្រឿងដំបូងរបស់ខ្លួន នៅក្នុងពិធីមួយដែលប្រារព្ធធ្វើឡើងនៅមូលដ្ឋានដែនអាកាសរបស់កងទ័ពជើងទឹក North Island រដ្ឋកាលីហ្វូញ៉ា។
លោក Taranjit Singh Sandhu ជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅសហរដ្ឋអាមេរិក បានទទួលជាផ្លូវការនូវឧទ្ធម្ភាគចក្រដែលផលិតដោយក្រុមហ៊ុន Lockheed Martin នៅក្នុងពិធីមួយកាលពីសប្ដាហ៍មុន នេះបើតាមសេចក្តីថ្លែងការណ៍ថ្ងៃទី២៣ ខែកក្កដា ពីកងទ័ពជើងទឹកអាមេរិក។
កងនាវានៃទ័ពជើងទឹកឥណ្ឌា នឹងទទួលបានឧទ្ធម្ភាគចក្រ MH-60 ចំនួន២៤គ្រឿង ជាផ្នែកនៃកិច្ចព្រមព្រៀងទិញសម្ភារៈយោធា៣ពាន់លានដុល្លារ ដែលបានចុះហត្ថលេខាកាលពីខែកុម្ភៈ ឆ្នាំ២០២០ ដែលក៏រួមបញ្ចូលទាំងឧទ្ធម្ភាគចក្រ AH-64E Apache ផលិតដោយក្រុមហ៊ុន Boeing ចំនួន៦គ្រឿងផង។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺត្រូវបានធ្វើឡើងក្រោយកិច្ចព្រមព្រៀង១,៩ពាន់លានដុល្លារ សម្រាប់ប្រព័ន្ធអាវុធការពារដែនអាកាស ផ្តល់ឲ្យឥណ្ឌា៕
ប្រែសម្រួល៖ប៉ាង កុង