ព័ត៌មានអន្តរជាតិ

ណាតូ និងកូរ៉េខាងត្បូង ព្រមព្រៀងបង្កើនសហប្រតិបត្តិការសកល

បរទេស៖ សម្ពន្ធមិត្តយោធាដ៏ធំបំផុតនៅក្នុងពិភពលោក បាននិយាយប្រាប់ថា ខ្លួននឹងធ្វើការងារឆ្ពោះទៅរកសហប្រតិបត្តិការកាន់តែរឹងមាំឡើង ជាមួយប្រទេសកូរ៉េខាងត្បូង នៅក្នុងអំឡុងដំណើរទស្សនកិច្ចមួយ ពីប្រធានគណៈកម្មការស៊ើបការណ៍សម្ងាត់រដ្ឋសភារបស់ទីក្រុងសេអ៊ូល។ 

លោក Kim Kyung-hyup ជាប្រធានគណៈកម្មការស៊ើបការសម្ងាត់នៃរដ្ឋសភាជាតិរបស់ប្រទេសកូរ៉េខាងត្បូង បានជួបជាមួយលោក Stian Jenssen ជាប្រធាននៃការិយាល័យឯកជននៃអគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង នៅក្នុងទីស្នាក់ការកណ្ដាលណាតូ ក្នុងទីក្រុងព្រួចសែល។ 

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងអំឡុងជំនួបគ្នានាថ្ងៃព្រហស្បតិ៍នោះ ភាគីទាំងពីរ បានធ្វើការពិភាក្សាគ្នាស្តីពីភាពលំបាកសន្តិសុខរួម។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការណាតូបាននិយាយប្រាប់យ៉ាងដូច្នេះថា “កិច្ចពិភាក្សាគ្នាបានលើកឡើង ពីស្ថានភាពនៅលើឧបទ្វីបកូរ៉េ ឥទ្ធិពលកើនឡើងរបស់ចិន ក៏ដូចជាឱកាសសម្រាប់សហប្រតិបត្តិការកាន់តែរឹងមាំឡើង រវាងអង្គការណាតូនិងសាធារណរដ្ឋកូរ៉េ ដែលរួមទាំងក្នុងវិស័យការពារលើអ៊ីនធឺណេត និងការគ្រប់គ្រងអាវុធ”៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top