ម៉ានីល ៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសហ្វីលីពីន បានជម្លៀស ប្រជាជនជាង ១៥,០០០ នាក់ នៅក្នុងទីក្រុង មេត្រូម៉ានីល និងផ្នែកខ្លះ នៃប្រទេស ចំពេលមានការ គំរាមកំហែង ទឹកជំនន់ធ្ងន់ធ្ងរ។
អ្នកនាំពាក្យក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រង គ្រោះមហន្តរាយជាតិ (NDRRMC) លោក Mark Timbal បានលើកឡើងថា ប្រជាជនប្រហែល ១៤,០០០ នាក់ត្រូវបានជម្លៀស ចេញនៅក្បែរទន្លេ ម៉ារីកទីណា ក្នុងទីក្រុងមេត្រូម៉ានីល ខណៈទឹកបានកើនឡើង ដល់កម្រិតគ្រោះថ្នាក់ ដោយសារភ្លៀង មូសុងមិនឈប់ឈរ ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិន ហួបានឲ្យដឹងថា អាជ្ញាធរអភិវឌ្ឍន៍ ទីក្រុងម៉ានីល ក៏បានរាយការណ៍ផងដែរថា តំបន់មួយចំនួននៅក្នុង រាជធានី នៅតែរងការជន់លិច។
NDRRMC បានរាយការណ៍ថា អាជ្ញាធរក៏បានជម្លៀស ប្រជាជនជិត ១,៨០០ នាក់នៅក្នុងក្រុង ចំនួន ៣ ក្នុងខេត្តរីហ្សីលភាគខាងកើត នៃទីក្រុងម៉ានីល ដោយសារតែការគំរាម កំហែងដោយទឹកជំនន់ ។ អ្នកស្រុកខ្លះនៅខេត្តមីនដូ ក៏ត្រូវបានជម្លៀសចេញដែរ ។
ឆ្មាំសមុទ្រហ្វីលីពីន បានឲ្យដឹងថា បុគ្គលិករបស់ខ្លួនក៏បានជួយសង្គ្រោះ មនុស្សជាង ៣០០ នាក់ នៅក្នុងតំបន់រងគ្រោះដោយ ទឹកជំនន់ នៅក្នុងខេត្ត Cavite ផងដែរ ។ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា ទឹកជំនន់កំពុងជន់លិចភូមិចំនួនពីរក្នុងខេត្ត Pampanga ភាគខាងជើង នៃទីក្រុងម៉ានីល៕
ដោយ ឈូក បូរ៉ា