វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា យោធាសហរដ្ឋអាមេរិក នឹងបញ្ចប់បេសកកម្មប្រយុទ្ធរបស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់ នៅចុងឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោក Biden បានឲ្យដឹងនៅឯការិយាល័យ Oval ជាមួយនឹងការធ្វើទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mustafa al-Kadhimi ថា “តួនាទីរបស់យើង នៅក្នុងប្រទេសអ៊ីរ៉ាក់ គឺត្រូវបន្ត បណ្តុះបណ្តាល ជួយ និងដោះស្រាយជាមួយក្រុម ISIS (រដ្ឋអ៊ីស្លាម) នៅពេលវាកើតឡើង ប៉ុន្តែយើងនឹងមិនធ្វើទៀត នោះទេនៅចុងឆ្នាំ”។
នៅក្នុងជំនួបនេះដែរ ប្រធានាធិបតី អាមេរិករូបនេះបានអះអាងថា“ កិច្ចសហប្រតិបត្តិការប្រឆាំង ភេរវកម្មរបស់យើង នឹងនៅតែបន្ត ទោះបីជាយើងឈាន ដល់ដំណាក់ កាលថ្មីនេះក៏ដោយ”។
បច្ចុប្បន្ននេះមានកង ទ័ពសហរដ្ឋអាមេរិក ប្រហែល ២៥០០ នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់។ កងកម្លាំងចម្រុះដឹកនាំ ដោយសហរដ្ឋអាមេរិក ត្រូវបានគេដាក់ពង្រាយ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីគាំទ្រដល់កងកម្លាំងអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំង នឹងរដ្ឋអ៊ីស្លាម ដែលភាគច្រើន ផ្តល់ការបណ្តុះបណ្តាល និងផ្តល់យោបល់ដល់កងកម្លាំងអ៊ីរ៉ាក់ ៕ដោយ ឈូក បូរ៉ា