វ៉ាស៊ីនតោន ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរក្សាការព្យាករណ៍ កំណើនសេដ្ឋកិច្ចពិភពលោក ៦ ភាគរយ សម្រាប់ឆ្នាំ២០២១ ដោយមានចក្ខុវិស័យ សេដ្ឋកិច្ចធ្លាក់ចុះ នៅទូទាំងប្រទេស ចាប់តាំងពីការព្យាករណ៍របស់ខែមេសា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។
ប្រធានសេដ្ឋវិទូរបស់ IMF លោកស្រី Gita Gopinath បានប្រាប់សន្និសីទ សារព័ត៌មានខ្លីមួយថា“ ការស្ទុះងើប នៃសេដ្ឋកិច្ចសកល នៅតែបន្តប៉ុន្តែមានគម្លាត កាន់តែខ្លាំងឡើង រវាងសេដ្ឋកិច្ចជឿនលឿន និងទីផ្សារកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍” ។
លោកស្រី Gopinath បានលើកឡើងថា “ ការព្យាករណ៍កំណើនសេដ្ឋកិច្ចសកល ចុងក្រោយរបស់យើង ៦ ភាគរយ សម្រាប់ឆ្នាំ២០២១ មិនមានការផ្លាស់ប្តូរ ពីទស្សនវិស័យពីមុននោះទេ ប៉ុន្តែសមាស ធាតុបានផ្លាស់ប្តូរ ។
នៅក្នុងខែមេសា IMF បានធ្វើឱ្យប្រសើរឡើងនូវការព្យាករណ៍ កំណើនសេដ្ឋកិច្ចពិភពលោក ២០២១ របស់ខ្លួនដល់ ៦ ភាគរយ ពីការព្យាករណ៍ ៥,៥ ភាគរយនៅក្នុងខែមករាដោយសារវឌ្ឍនភាព នៃការចាក់វ៉ាក់សាំង និងការគាំទ្រថវិកា បន្ថែមនៅក្នុងប្រទេស សេដ្ឋកិច្ចធំៗ ។
យោងតាមការព្យាករណ៍ចុងក្រោយ កំណើនសេដ្ឋកិច្ច សម្រាប់ប្រទេសជឿនលឿន នៅឆ្នាំនេះបានប្រសើរឡើង ០,៥ ភាគរយដល់ ៥,៦ ភាគរយខណៈដែលប្រទេស ទីផ្សារកំពុងរីកចម្រើន និងប្រទេសសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ នៅឆ្នាំនេះ ត្រូវបានបន្ទាប ០,៤ ភាគរយទៅ ៦,៣ ភាគរយ។
ជិត ៤០ ភាគរយ នៃចំនួនប្រជាជន នៅក្នុងប្រទេសមានសេដ្ឋកិច្ចជឿនលឿន ត្រូវបានទទួលការ ចាក់វ៉ាក់សាំងពេញលេញ បើប្រៀបធៀបនឹង ១១ ភាគរយនៃប្រទេសសេដ្ឋកិច្ច ទីផ្សារ ដែលកំពុងរីកចម្រើន និងមួយផ្នែកតូចនៅក្នុងប្រទេស កំពុងអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលទាប។
លោកស្រីបានបន្ថែមថា“ អត្រានៃការទទួលថ្នាំបង្ការ ដែលលឿនជាង ការរំពឹងទុក និងការវិលត្រឡប់ មករកភាពប្រក្រតីវិញ បាននាំឱ្យមានការ ធ្វើឱ្យប្រសើរឡើង ខណៈពេលដែលកង្វះលទ្ធភាព ទទួលបានវ៉ាក់សាំង និងរលកថ្មីនៃករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសមួយចំនួន ជាពិសេសប្រទេសឥណ្ឌា បានធ្វើឱ្យធ្លាក់ចុះ” ៕
ដោយ ឈូក បូរ៉ា