បរទេស៖នាវាពិឃាតទ័ពជើងទឹកសហរដ្ឋអាមេរិក USS Benfold តាមសេចក្តីរាយការណ៍ បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធសប្ដាហ៍នេះ ដែលនោះជាការធ្វើដំណើរឆ្លងកាត់លើកទី៧លើផ្លូវទឹកនេះ របស់នាវាចម្បាំងអាមេរិក នៅក្នុងឆ្នាំនេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កងនាវាទ័ពជើងទឹកអាមេរិកលេខ៧មានមូលដ្ឋាននៅប្រទេសជប៉ុន បាននិយាយប្រាប់ថា ការធ្វើដំណើរឆ្លងកាត់នេះ គាំទ្រដល់ការប្តេជ្ញារបស់សហរដ្ឋអាមេរិក ចំពោះសេរីភាពនិងភាពបើកចំហនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
តាមសេចក្តីរាយការណ៍ នាវាពិឃាត USS Benfold នេះ បានធ្វើប្រតិបត្តិការនាវាចរណ៍ កាលពី២សប្ដាហ៍មុន នៅជិតប្រជុំកោះប៉ារ៉ាសែល ដែលប្រទេសចិន ប្រទេសវៀតណាម និងកោះតៃវ៉ាន់ បានធ្វើការអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន។
គួរបញ្ជាក់ថា ពេលចុងក្រោយ ដែលនាវាពិឃាតទ័ពជើងទឹកសហរដ្ឋអាមេរិក USS Benfold បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នោះ គឺនៅក្នុងខែកក្កដា ឆ្នាំ២០១៨ ដែលស្របពេលមានភាពតានតឹងរវាងអាមេរិកនិងចិន ជុំវិញបញ្ហាជំនួញ កំពុងតែកើនកម្តៅខ្លាំងឡើង៕