បាងកក ៖ ប្រទេសថៃ បានប្រកាសពង្រីកវិធានការណ៍ គ្រប់គ្រងជំងឺរាតត្បាតដ៏តឹងរ៉ឹង នៅក្នុងរដ្ឋធានីបាងកក និងតំបន់ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត រហូតដល់ចុងខែសីហា ដើម្បីទប់ស្កាត់រលកនៃការផ្ទុះឡើងដ៏អាក្រក់បំផុត ដែលបានធ្វើឱ្យករណីឆ្លង សរុបរបស់ខ្លួនកើនឡើង ដល់ជាង ៦០ម៉ឺនករណី
ប្រទេសក្នុងតំបន់ អាស៊ីអាគ្នេយ៍ មួយនេះ បានរាយការណ៍ពីករណីថ្មីចំនួន ១៨,០២៧ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលជាចំនួន ប្រចាំ ថ្ងៃខ្ពស់បំផុតទី ២ ចាប់តាំងពីជំងឺរាតត្បាត បានចាប់ផ្តើម ដែលធ្វើឱ្យ ចំនួនអ្នកឆ្លង សរុបឡើងដល់ ៦១៥,៣១៤ ករណី នេះបើយោង តាមមជ្ឈមណ្ឌលគ្រប់គ្រង ស្ថានភាពជំងឺកូវីដ-១៩ ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ដោយដកស្រង់ប្រភពព័ត៌មាន ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្កាជំងឺ CCSA បានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ៤,៩៩០ នាក់ ដោយកើនឡើង ១៣៣ នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
គួរបញ្ជាក់ថា ការរឹតត្បិតនេះនឹង ចូលជាធរមាន ចាប់ពីថ្ងៃអង្គារ ហើយអាជ្ញាធរ នឹងវាយតម្លៃស្ថានភាព ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ ប៉ុន្តែប្រហែលជារឿងនេះ នឹងត្រូវបន្តរហូតដល់ចុងខែសីហា ៕
ដោយ ឈូក បូរ៉ា