បរទេស ៖ រដ្ឋបាល របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងចាប់ផ្តើម នូវកម្មវិធីថ្មីមួយ ដើម្បីផ្តល់ទីស្នាក់នៅ ដល់ពលរដ្ឋ អាហ្វហ្គានីស្ថាន ក្នុងនាមជាជនភៀសខ្លួន នៅសហរដ្ឋអាមេរិក នេះបើយោងតាមសម្តីមន្ត្រី រដ្ឋបាលមួយរូប និងប្រភពដែលដឹងរឿង ចំនួនពីរ និយាយប្រាប់នៅថ្ងៃអាទិត្យ ។
ប្រភពទាំង៣ខាងលើនោះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រសួងការបរទេស សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងប្រកាសពីការបង្កើតកម្មវិធីជនភៀសខ្លួន ដែលហៅថា Priority Two នៅថ្ងៃចន្ទសប្ដាហ៍នេះ ។
ប៉ុន្តែនៅពេលភ្លាមៗនេះ ក្រសួងការ បរទេស សហរដ្ឋអាមេរិក នៅមិនទាន់ផ្តល់ការឆ្លើយតប ណាមួយ ចំពោះសំណើសុំការអត្ថាធិប្បាយ អំពីបញ្ហានេះនៅឡើយនោះទេ ។
គួរបញ្ជាក់ថា កម្មវិធីផ្តល់ទីស្នាក់នៅដល់ជនភៀសខ្លួនអាហ្វហ្គានីស្ថាននោះ គឺត្រូវបានធ្វើឡើង ស្របពេលដែលការប្រយុទ្ធគ្នាមានការកើនខ្លាំងឡើង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅមុនបញ្ចប់ជាផ្លូវការ នូវការដកទ័ពអាមេរិក នៅចុងខែនេះ ដោយពួកតាលីបង់បង្កើន ការប្រយុទ្ធដើម្បីដណ្ដើមទីក្រុង តាមខេត្តសំខាន់ៗ ៕ប្រែសម្រួល៖ប៉ាង កុង