ព័ត៌មានអន្តរជាតិ

មេដឹកនាំអាហ្វហ្គានីស្ថាន ថ្កោលទោស ការដកទ័ពអាមេរិក ជាហេតុធ្វើឲ្យមានការវាយប្រហារ កើនឡើងពីពួកតាលីបង់

បរទេស៖ក្នុងអំឡុងថ្លែងប្រាប់សមាជិករដ្ឋសភា នៅថ្ងៃចន្ទនេះ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការបោះបង់ចោលប្រទេសរបស់លោក ស្របពេលដែលពួកបះបោរតាលីបង់ បង្កើនកិច្ចប្រឹងប្រែងដណ្ដើមគ្រប់គ្រងតំបន់មួយចំនួន។

នៅក្នុងសុន្ទរកថា ដែលថ្លែងទៅកាន់កិច្ចប្រជុំចម្រុះពិសេសមួយ របស់រដ្ឋសភា លោក Ashraf Ghani តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់ ចំពោះការដកកងកម្លាំងស្ទើរតែទាំងអស់របស់សហរដ្ឋអាមេរិក សម្រាប់ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០០១មក។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tolo News បានឲ្យដឹងថា លោកប្រធានាធិបតីអាហ្វហ្គានីស្ថានរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ស្ថានភាពបច្ចុប្បន្ន គឺដោយសារតែការសម្រេចចិត្តភ្លាមៗ លើការដកកងទ័ពអន្តរជាតិ ប៉ុន្តែកិច្ចការពារប្រជាជន គឺជាកាតព្វកិច្ចរបស់យើង”។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Ashraf Ghani បានមានប្រសាសន៍ប្រាប់ថា បើទោះជាមានការដកកងទ័ពអាមេរិក ក៏ដោយ ក៏លោករំពឹងថា ពួកបះបោរតាលីបង់ នឹងត្រូវផ្តួលឲ្យបរាជ័យ ក្នុងរយៈពេល៦ខែ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top