បរទេស៖ប្រទេសកូរ៉េខាងជើង បានចេញសេចក្តីព្រមានមួយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន សម្រាប់ជាលើកទី២ ក្នុងជម្លោះជុំវិញសហសមយុទ្ធយោធា ដែលកំពុងធ្វើឡើងដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយនិយាយថា ទីក្រុងសេអ៊ូល បានបង្កើតជម្រើសគ្រោះថ្នាក់ និងព្រមានថា វានឹងត្រូវសងវិញច្រើន។

លោក Kim Yong Chol ដែលជាន្ត្រីជាន់ខ្ពស់និងជាអតីតប្រេសិតនាំមុខគេ សម្រាប់កិច្ចពិភាក្សានុយក្លេអ៊ែ ជាមួយសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងត្បូង បានខ្ជះខ្ជាយឱកាសធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាព តាមរយៈការបន្តធ្វើសហសមយុទ្ធ ដែលបានចាប់ផ្តើមជាមួយវគ្គបឋមនៅថ្ងៃអង្គារម្សិលមិញនេះ។
ការព្រមាននេះ គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃបន្ទាប់ពីអ្នកនាង គីម យូជុង ជាប្អូនស្រីលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសសមយុទ្ធនោះ ដោយនិយាយថា ពួកវានឹងបង្កឲ្យមានភាពតានតឹងលើឧបទ្វីបកូរ៉េ និងចោទសហរដ្ឋអាមេរិក ពីបទមានគោលនយោបាយប្រកបដោយអរិភាព។

គួរបញ្ជាក់ថា តាំងពីយូរមកហើយ ទីក្រុងព្យុងយ៉ាងតែងចាត់ទុក សមយុទ្ធហ្វឹកហាត់ ដែលបានប្រារព្ធធ្វើឡើងនៅក្នុងខែមីនា និងខែសីហា ថាជាការត្រៀមរៀបចំមួយ សម្រាប់ការឈ្លានពាន នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI៕
ប្រែសម្រួល៖ប៉ាង កុង
