ព័ត៌មានអន្តរជាតិ

កងទ័ពអាកាស អាមេរិក តេស្ត ជោគជ័យ មីស៊ីល ផ្លោងឆ្លងទ្វីប

បរទេស ៖ កងទ័ពអាកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ និយាយថា អាវុធនុយក្លេអ៊ែ របស់ប្រទេស គឺមានប្រសិទ្ធភាព និងត្រៀមលក្ខណៈរួចរាល់ ក្រោយការធ្វើតេស្ត សាកល្បងមីស៊ីល បានយ៉ាងជោគជ័យ កាលពីព្រឹកថ្ងៃពុធសប្ដាហ៍នេះ ។

យោងតាមសេចក្តីប្រកាស ព័ត៌មានមួយរបស់កងទ័ព អាកាសអាមេរិក មីស៊ីលផ្លោងឆ្លងទ្វីប Minuteman 3 ដែលមិនបំពាក់ ក្បាលគ្រាប់ ត្រូវបានបាញ់ចេញពីមូលដ្ឋាន កងកម្លាំងអវកាស Vandenberg ស្ថិតក្នុងរដ្ឋកាលីហ្វូញ៉ា នៅមុនម៉ោង១ យប់ពុធបន្តិច ។

ដោយត្រូវបានត្រួតពិនិត្យមើល ដោយទីបញ្ជាការ វាយប្រហារសកល របស់កងទ័ពអាកាសនោះ គោលបំណង នៃការធ្វើតេស្តសាកល្បងនេះ គឺដើម្បីឆែកពិនិត្យលើសន្តិសុខ និងប្រសិទ្ធភាព របស់ប្រព័ន្ធអាវុធ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកវរសេនីយ៍ Robert Long ដែលទទួលខុសត្រូវ ក្នុងការបាញ់តេស្តនោះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការធ្វើតេស្តសាកល្បងទាំងនេះ បញ្ជាក់ពីការវាយប្រហារចំគោលដៅ និងភាពអាចទុកចិត្តបាន នៃប្រព័ន្ធអាវុធ ICBM ដោយផ្តល់ឲ្យនូវទិន្នន័យដ៏មានតម្លៃ ដើម្បីធានាដល់ការបន្តទប់ ស្កាត់នុយក្លេអ៊ែ ប្រកបដោយសុវត្ថិភាព សន្តិសុខនិងប្រសិទ្ធភាព” ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top