ស្ត្រីមានផ្ទៃពោះ គួរតែត្រូវបានចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈការសិក្សាស្រាវជ្រាវបង្ហាញថា គ្មានការបង្កហានិភ័យដល់កូនក្នុងផ្ទៃនោះឡើយ។ នេះបើតាមប្រភពព័ត៌មានពី ស៊ីអិនអេ ថ្ងៃទី ១៨ សីហា ឆ្នាំ២០២១។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បាននិយាយ នៅថ្ងៃពុធ ទី ១១ ខែសីហានេះថា ស្ត្រីមានផ្ទៃពោះ គួរតែត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ព្រោះដោយផ្អែកលើការវិភាគថ្មីមួយ មិនមានហានិភ័យ នៃការរលូតកូននោះទេ។ យ៉ាងណា ស្ត្រីមានផ្ទៃអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងចំណោមវ៉ាក់សាំងទាំង ៣ ប្រភេទនេះ ដែលមានដូចជា Pfizer, Moderna ឬ Johnson & Johnson។
សាសឆាអេលលីងតុន (Sascha Ellington) ប្រធានក្រុមសម្រាប់ការត្រៀមបង្ការ និងឆ្លើយតបបន្ទាន់ក្នុងផ្នែកសុខភាពបន្តពូជរបស់ CDC បាននិយាយថា ការទទួលថ្នាំបង្ការចំពោះស្ត្រីមានផ្ទៃពោះមានកម្រិតទាប ដោយមានតែ ២៣ ភាគរយប៉ុណ្ណោះ ដែលទទួលបានវ៉ាក់សាំង យ៉ាងហោចណាស់១ដូស។ អេលលីងតុន បាននិយាយទៀតថា៖ «យើងចង់បង្កើនចំនួននេះ ដោយកត់សម្គាល់ថាទីភ្នាក់ងារនេះកំពុងធ្វើការ លើយុទ្ធសាស្ត្រ ដើម្បីឱ្យគ្រូពេទ្យឯកទេសសម្ភព និងរោគស្ត្រីក្លាយជាអ្នកផ្តល់វ៉ាក់សាំង យើងចង់ឱ្យស្ត្រីទទួលបានការពារ ហើយយើងក៏មិនចង់ឃើញគ្រោះថ្នាក់ណាមួយ ដែលកើតឡើងលើស្ត្រីមានផ្ទៃពោះ នោះទេ»។ យ៉ាងណា ចំពោះស្រ្តីមានផ្ទៃពោះ ដែលតម្រូវការចាក់ចាក់វ៉ាក់សាំង គួរតែប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញជាមុនសិន។

យោងតាម មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) បានឱ្យដឹងថា ការមានផ្ទៃពោះ បង្កើនហានិភ័យធ្ងន់ធ្ងរនៃការឆ្លងជំងឺកូវីដ១៩ ក្នុងអំឡុងពេលមានផ្ទៃពោះ ដែលធ្វើឲ្យកូនកើតមិនគ្រប់ខែ។ យ៉ាងណា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ត្រូវបានចាក់ជូន កុមារដែលមានអាយុ ចាប់ពី១២ ឆ្នាំឡើង និងមនុស្សគ្រប់វ័យ រួមទាំងស្ត្រីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅដោះកូន និងស្រ្តីត្រៀមទម្ងន់ផងដែរ ៕
ប្រភព៖http://sabay
