ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ កំពុងបញ្ជូនទ័ព បន្ថែមទៅការពារសន្តិសុខ អាកាសយាន ដ្ឋានកាប៊ុល

បរទេស ៖ មន្ទីរបញ្ចកោណ បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួននឹងបញ្ជូនទ័ពរាប់រយនាក់ បន្ថែមទៀត ទៅប្រទេសអាហ្វហ្គានីស្ថាន ក្រោយភាពចលាចល កើតមាននៅអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុងកាប៊ុល បន្ទាប់ពីពួកតាលីបង់ ឡើងកាន់អំណាចភ្លាមៗ ។

នៅក្នុងអំឡុងសន្និសីទ កាសែតមួយនៅមន្ទីរបញ្ចកោណ មន្ត្រីនាំពាក្យ លោក John Kirby បាននិយាយប្រាប់អ្នកសារព័ត៌មាន ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាឲ្យបញ្ជូនភ្លាមៗ នូវកងវរសេនាតូចថ្មើរជើង បន្ថែមទៅទីក្រុងកាប៊ុល ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា កងវរសេនាតូចនោះ ត្រូវបានគេគ្រោងឲ្យជាផ្នែកនៃកងកម្លាំងប្រតិកម្មរហ័ស នៅក្នុងប្រទេសគុយវ៉ែត។

គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ កងទ័ពអាមេរិក សរុបប្រហែល៦.០០០នាក់ ត្រូវបានបញ្ជា ឲ្យទៅរក្សាសន្តិសុខ អាកាសយានដ្ឋាន និងត្រូវបានគេរំពឹងថា នឹងធ្វើដំណើរមកដល់ក្នុង ពេលប៉ុន្មានថ្ងៃទៀត ដើម្បីសម្របសម្រួលដំណើរ ការជម្លៀស ចំណែកបុគ្គលិក ស្ថានទូតអាមេរិក បានចាប់ផ្តើមទៅដល់ អាកាសយានដ្ឋាន កាលពីថ្ងៃអាទិត្យ ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top