ព័ត៌មានអន្តរជាតិ

ការសិក្សាព្រមាន៖ កុមារជាង៣លាននាក់ នៅអង់គ្លេស ចូលរៀននៅសាលាស្ថិតក្នុង បរិយាកាសពុល ខណៈប្រជាជនទីក្រុងឡុងដ៍ ៩៩% រស់នៅតាមផ្លូវមាន ខ្យល់គ្រោះថ្នាក់

អង់គ្លេស៖ ការសិក្សាថ្មីមួយបានព្រមានថា កុមារចំនួនជាង ៣ លាននាក់នៅចក្រភពអង់គ្លេសចូលរៀន នៅសាលាដែលមានសារធាតុជាតិពុលក្នុងបរិយាកាសយ៉ាងច្រើន ខណៈប្រជាជនទីក្រុងឡុងដ៍ ៩៩ ភាគរយរស់នៅតាមផ្លូវដែលមាន គុណភាពខ្យល់គ្រោះថ្នាក់បំផុតនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ការវិភាគក៏បានរកឃើញថា កុមារនៅរដ្ឋធានីមានលទ្ធភាពទៅសាលារៀន ៤ ដងក្នុងតំបន់ដែលមានកម្រិតបំពុល បរិស្ថានដែលលើសពីដែនកំណត់របស់អង្គការសុខភាពពិភពលោក (WHO) ជាងក្មេងៗនៅចក្រភពអង់គ្លេសដទៃទៀត។ ការសិក្សាពីមុន បានរកឃើញថា គុណភាពខ្យល់អាកាសមិនល្អរារាំងការលូតលាស់ សួតរបស់កុមារ និងធ្វើឲ្យជំងឺរ៉ាំរ៉ៃកាន់តែធ្ងន់ធ្ងរ ដូចជាជំងឺហឺតសួត និងជំងឺបេះដូង។

ការវិភាគថ្មីដែលធ្វើឡើងដោយអភិបាលក្រុងឡុងដ៍បានរកឃើញថា មានកុមារអង់គ្លេសចំនួន ៣.១ លាននាក់កំពុងចូលរៀននៅតាមតំបន់ដែលលើសពីការកំណត់របស់អង្គការសុខភាពពិភពលោកសម្រាប់ PM2.5 ។ PM2.5 គឺជាទម្រង់មួយនៃការបំពុលបរិយាកាសត្រូវបានគេចាត់ទុកថា មានគ្រោះថ្នាក់ជាពិសេសដោយសារតែ ភាគល្អិតទាំងនោះមានទំហំតូចល្មម អាចបញ្ជូនពីសួតចូលទៅក្នុងចរន្តឈាម និងប៉ះពាល់ដល់ផ្នែកផ្សេងទៀតជាច្រើននៃរាងកាយ។

វាភាគច្រើនផលិតដោយយានយន្តនិង ឧស្សាហកម្មដុតធ្យូងថ្ម ចង្ក្រាន ភ្លើងឆេះព្រៃ ផ្សែងអុស និងដំណើរការមនុស្សផ្សេងទៀតដែលពាក់ព័ន្ធនឹងការដុត។ ការសិក្សាដ៏សំខាន់ មួយស្តីពីផលប៉ះពាល់នៃការបំពុលបរិយាកាស នៅទីក្រុងឡុងដ៍បានរកឃើញថាកុមារដែលធំឡើងនៅក្នុងផ្នែកដែលមានការបំពុលបរិស្ថាន នៃរដ្ឋធានីមានបរិមាណសួតតិចជាងមិត្តភក្តិ របស់ពួកគេនៅចក្រភពអង់គ្លេសដទៃទៀត៕

Most Popular

To Top