បរទេស៖ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោស ចំពោះយោធារបស់ប្រទេសកូរ៉េខាងត្បូង សម្រាប់ការសម្រេចចិត្តកសាងផលិតនាវាចម្បាំងថ្មី ដោយហៅគោលនយោបាយនោះ ថាជាការត្រៀមខ្លួនសម្រាប់សង្គ្រាមប្រឆាំងកូរ៉េខាងជើង។
កាសែតកូរ៉េខាងជើង Uriminzokkiri បាននិយាយថា ទង្វើចូលចិត្តសង្គ្រាមរបស់យោធារបស់ប្រទេសកូរ៉េខាងត្បូង កំពុងតែនាំឲ្យមានជម្ងឺមិនអាចព្យាបាលបាននៃការប្រឈមមុខដាក់គ្នា នៅក្នុងចំណោមប្រជាជនកូរ៉េតែមួយ។
ការរិះគន់របស់កូរ៉េខាងជើងចំពោះគោលនយោបាយការពារជាតិរបស់កូរ៉េខាងត្បូងនេះ គឺត្រូវបានធ្វើឡើង ក្រោយរយៈពេលពីរសប្ដាហ៍បន្ទាប់ពីរដ្ឋបាលកម្មវិធីទិញសម្ភារៈការពារជាតិរបស់ទីក្រុងសេអ៊ូល បានបង្ហាញផែនការវិនិយោគប្រាក់៣,១ពាន់លានដុល្លារ ដើម្បីផលិតនាវាចម្បាំងថ្មី។
យោងតាមរដ្ឋបាលកម្មវិធីទិញសម្ភារៈការពារជាតិរបស់ទីក្រុងសេអ៊ូល បានឲ្យដឹងថា គម្រោងនោះ គឺដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវសមត្ថភាពប្រតិបត្តិការដែនសមុទ្ររបស់យោធា ក៏ដូចជាចូលរួមចំណែករក្សាបច្ចេកវិទ្យាឲ្យទាន់សម័យ និងបង្កើតការងារ៕