បរទេស ៖ កងកម្លាំងម៉ារីន សហរដ្ឋអាមេរិក បានបាញ់តេស្តសាកល្បងបានយ៉ាងជោគជ័យ នូវប្រព័ន្ធមីស៊ីលបាញ់ នាវាថ្មីរបស់ខ្លួន ដោយវាប្រហារចំគោល ដៅនៅក្បែរតំបន់ឆ្នេរ Kauaiកោះហាវ៉ៃ នាសប្ដាហ៍នេះ ក្នុងអំឡុងសមយុទ្ធ Large Scale Exercise 2021 ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI បានឲ្យដឹងថា ប្រព័ន្ធមីស៊ីល NMESIS ថ្មីនេះ គឺជាប្រព័ន្ធអាវុធមូលដ្ឋាន នៅលើគោក ដែលអភិវឌ្ឍផលិតឡើង ដើម្បីផ្តល់ឲ្យកងវរសេនាធំ ដែនសមុទ្រ នូវសមត្ថភាពប្រយុទ្ធនឹងនាវាសត្រូវ នៅលើផ្ទៃសមុទ្រ ។
លោក Joe McPherson ជាអ្នកគ្រប់គ្រងកម្មវិធីបាញ់ ចម្ងាយឆ្ងាយ នៅទីបញ្ជាការប្រព័ន្ធអាវុធ របស់កងកម្លាំងម៉ារីន បានមានប្រសាសន៍ ក្នុងសេចក្តីថ្លែងការណ៍មួយថា “សប្ដាហ៍នេះមានភាពជោគជ័យខ្លាំង ហើយបន្ថែមលើការបាញ់គ្រាប់ ពិតពីរគ្រាប់ ដែលវាយប្រហារ ចំគោលដៅនោះ យើងក៏បានដាក់ប្រើប្រាស់ប្រព័ន្ធអាវុធយ៉ាងជោគជ័យ នៅលើប្រព័ន្ធដឹកជញ្ជូនចម្បងៗរបស់កងកម្លាំងម៉ារីន គឺ C130 និង LCAC“ ។
គួរបញ្ជាក់ថា ប្រព័ន្ធអាវុធ NMESIS ដែលអភិវឌ្ឍឡើង ជាមួយតួនៃរថយន្តយុទ្ធសាស្ត្រ ធុនស្រាល និងប្រព័ន្ធគ្រប់គ្រងការបាញ់ នៃមីស៊ីល Naval Strike Missile នេះ បានវាយប្រហារយ៉ាងជោគជ័យ ទៅលើនាវាមួយគ្រឿង នៅក្នុងអំឡុងសមយុទ្ធ SINKEX ដែលធ្វើតេស្តសាកល្បង ប្រព័ន្ធអាវុធជាច្រើន៕
ប្រែសម្រួល៖ប៉ាង កុង