ព័ត៌មានអន្តរជាតិ

កងកម្លាំងម៉ារីន អាមេរិក បញ្ចូនកម្លាំង ទៅការពារស្ថានទូត នៅប្រទេសស្វាហ្ស៊ីឡង់ ស្របពេលមាន ភាពចលាចល

បរទេស ៖ ក្រុមកងកម្លាំង នៃកងទ័ពម៉ារីន សហរដ្ឋអាមេរិក បានបញ្ជូនទៅឲ្យការពារស្ថានទូត សហរដ្ឋអាមេរិកប្រចាំ នៅក្នុងប្រទេស ស្វាហ្ស៊ីឡង់ ដែលជាប្រទេសតូចមួយ នៅក្នុងតំបន់អាហ្វ្រិកខាងត្បូង កំពុងស្ថិតក្នុងភាពចលាចល ក្រោយការចលាចលស៊ីវិល បានចាប់ផ្តើម កាលពីថ្ងៃទី៣០ ខែមិថុនា ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា កងកម្លាំងម៉ារីន សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធថា កងកម្លាំងម៉ារីនចំនួន១៣នាក់ ត្រូវបានបញ្ជូនពីរដ្ឋ Virginia ស្របពេលមានការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសស្វាហ្ស៊ីឡង់។

ការបញ្ជូនកងកម្លាំងម៉ារីន អាមេរិកនេះ គឺជាផ្នែកនៃអង្គភាពពង្រឹង សន្តិសុខដែនសមុទ្រ ដែលត្រូវបានបង្កើតឡើង ក្រោយមានការវាយប្រហារ ទៅលើស្ថានទូតសហរដ្ឋអាមេរិក នៅក្នុងទីក្រុង បេនហ្គាហ្ស៊ី កាលពីឆ្នាំ២០១២ ។

គួរបញ្ជាក់ថា អង្គភាពពង្រឹង សន្តិសុខដែនសមុទ្រនេះ ធ្លាប់បានបំពេញបេសកកម្ម កាលពីមុន នៅក្នុងតំបន់មជ្ឈិមបូព៌ា ប្រទេសថៃ និងប្រទេសបារាំង ហើយការបញ្ជូនកងកម្លាំង របស់អង្គភាពនេះទៅកាន់ប្រទេសស្វាហ្ស៊ីឡង់នេះ គឺជាបេសកកម្មទី១០៦ របស់អង្គភាព ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top