ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី ដាក់ទោសមន្ត្រីរដ្ឋ​ របស់ខ្លួនម្នាក់ ឲ្យជាប់គុករហូត១២​ឆ្នាំ ​ពី​បទ​ស៊ីលុយ​ជំនួយ​កូវី​ដ​១៩

​ឥណ្ឌូនេស៊ី​បានដាក់ទោស ​អតីតរដ្ឋមន្ត្រី​ខុទ្ទកាល័យ​ម្នាក់ ​ឱ្យ​ជាប់ពន្ធនាគារ ១២​ឆ្នាំ ​​​បន្ទាប់ពី​រកឃើញ​ថា​ គាត់​មាន​ពិរុទ្ធ​ពី​បទ​ទទួល​សំណូក ​ទាក់ទង​នឹង​ការ​ចែកចាយ​ជំនួយ​កូ​វីដ​ របស់​រដ្ឋាភិបាល​ ។​

​អតីត​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​លោក Juliari Batubara ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​ធ្នូ បន្ទាប់ពី​លោក​បាន​ចូលខ្លួន ​សារភាព​នៅ​គណៈកម្មការ​លុបបំបាត់​អំពើពុករលួយ​គឺ​តែ​ប៉ុន្មាន​​ម៉ោង ​បន្ទាប់ពី​ប្រធាន​គណៈកម្មការ​នេះ​ បាន​អំពាវនាវ​ជា​សាធារណៈ​ឱ្យ​ចូល​បង្ហាញខ្លួន​ ។​

​ការចាប់ខ្លួន​រូបលោក​ Juliari Batubara បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​គណៈកម្មការ​នេះ ​បាន​រារាំង​ការប៉ុនប៉ង​ប្រគល់​វ៉ាលិស ​និង​កាបូបស្ពាយ​ចំនួន ៧ ដែល​មាន​ប្រាក់សុទ្ធ​ចំនួន ១,៣​លាន​ដុល្លារ​ទៅកាន់​​ក្រុម​មន្ត្រី​ក្រសួង​ ជាច្រើនរូប​ទៀត ​។ លោក​ត្រូវបាន​ប្រធានាធិបតីចូកូ វី​ដូ​ដូ​បណ្តេញ​ចេញ​ភ្លាមៗ​។​

​តុលាការ​ក៏​បញ្ជា​ឱ្យ​ Juliari Batubara ​បង់​​ប្រាក់​ពិន័យ​ចំនួន ៥០០ លាន​រូពី (៣៤.៦៩០ ដុល្លារ​) ហើយ​និយាយ​ថា លោកនឹង​ត្រូវ​ជាប់ពន្ធនាគារ​ថែម ៦ ខែ​ទៀត ប្រសិនបើ​មិន​បង់​ប្រាក់​ពិន័យ​ ៕

Most Popular

To Top