សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ២,១៥៥ ករណីបន្ថែមទៀត គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ បើប្រៀបធៀបទៅនឹង ២៤ ម៉ោងមុន ដែលធ្វើឱ្យចំនួនអ្នកឆ្លង សរុបកើនឡើងដល់ ២៤១,៤៣៩ករណី។
ចំនួនករណីឆ្លង ប្រចាំថ្ងៃកើនឡើងយ៉ាងខ្លាំង ពីចំនួន ១,៥០៩ នៅថ្ងៃមុន ដែលជាចំនួនសរុបខ្ពស់បំផុតទី ២ របស់ប្រទេស ចាប់តាំងពីករណីឆ្លងដំបូង ត្រូវបានរកឃើញកាលពីខែមករា ឆ្នាំមុន ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ករណីឆ្លងកើនឡើងលើសពី ១,០០០ករណី ក្នុងរយៈពេល ៥០ ថ្ងៃជាប់គ្នា។ ការគណនាជាមធ្យមប្រចាំថ្ងៃ សម្រាប់សប្តាហ៍មុន គឺ ១,៨២៧ករណីក្នុងមួយថ្ងៃ ។
ការងើបឡើងវិញ នៃករណីឆ្លងជំងឺនាពេលថ្មីៗនេះ គឺបណ្តាលមកពីការឆ្លងមេរោគចង្កោម នៅតំបន់ទីប្រជុំជនក្នុងទីក្រុងសេអ៊ូល ។ ក្នុងចំណោមករណីថ្មីចំនួន ៦៧៣ករណី គឺជាអ្នករស់នៅទីក្រុងសេអ៊ូល ។ ចំនួនអ្នកឆ្លងថ្មី ដែលរស់នៅក្នុងខេត្ត Gyeonggi និងកំពង់ផែ Incheon ភាគខាងលិចគឺ ៥៧៩ករណី និង ១១៧ករណី ។
ការរីករាលដាល នៃមេរោគនេះក៏បានផ្ទុះឡើង នៅក្នុងតំបន់មិនមែនទីក្រុង ។ ចំនួននៃការឆ្លងថ្មីនៅក្នុងតំបន់ ដែលមិនធ្លាប់មានការឆ្លងគឺមានចំនួន ៧៤៥ករណី ឬ ៣៥,២ ភាគរយនៃការចម្លងក្នុងស្រុកសរុប ៕
ដោយ ឈូក បូរ៉ា