បរទេស៖ សមាជិកសភា និងមន្រ្តីយោធាត្រូវបាន គេរាយការណ៍ថា មានការខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីសហរដ្ឋអាមេរិក បានផ្តល់ឱ្យតាលីបង់នូវបញ្ជីឈ្មោះ ជនជាតិអាមេរិក និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាន ដើម្បីជម្លៀសចេញ។
យោងតាមវែបសាយ Yahoo ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមរបាយការណ៍ពី Politico នៅថ្ងៃព្រហស្បតិ៍ គឺមន្រ្តីអាមេរិកនៅទីក្រុងកាប៊ុល “បានផ្តល់ឱ្យតាលីបង់នូវ បញ្ជីឈ្មោះពលរដ្ឋអាមេរិក អ្នកកាន់ប័ណ្ណបៃតង និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាន ដើម្បីអនុញ្ញាតឱ្យចូលទៅក្នុង បរិវេណខាងក្រៅដែលគ្រប់គ្រង ដោយពួកសកម្មប្រយុទ្ធ នៃអាកាសយានដ្ឋានទីក្រុងនេះ” ។
របាយការណ៍នេះនិយាយថា នេះមានបំណង “ពន្លឿន” កិច្ចប្រឹងប្រែងជម្លៀស ប៉ុន្តែចលនានេះបាន ទាក់ទាញកំហឹងពីមន្រ្តីយោធា និងសមាជិកសភា។
មន្រ្តីការពារជាតិម្នាក់ បានប្រាប់សារព័ត៌មាន Politico ថា“ ជាទូទៅពួកគេគ្រាន់តែដាក់ ជនជាតិអាហ្វហ្គានីស្ថានទាំងអស់នោះ ទៅក្នុងបញ្ជីសម្លាប់” ។ “វាធ្វើឱ្យរន្ធត់និងតក់ស្លុត និងធ្វើឱ្យអ្នកមានអារម្មណ៍មិនស្អាត” ៕
ប្រែសម្រួលៈ ណៃ តុលា