ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បង្កើនកញ្ចប់ការពារជាតិ ជាង ៤៧ពាន់លានដុល្លារ ជាចំនួនមួយស្មើនឹងកញ្ចប់ ការពារជាតិជប៉ុន

សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង កំពុងស្វែងរកថវិកាចំនួន ៥៥,២ ទ្រីលានវ៉ុនស្មើនឹង (៤៧,៧ ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំក្រោយពោល គឺកើនឡើង ៤,៥ ភាគរយពីឆ្នាំមុន និងប្រហាក់ប្រហែលនឹងប្រទេសជិតខាងរបស់ជប៉ុន។

ផែនការដែលក្រសួងការពារជាតិកូរ៉េខាងត្បូង បានបង្ហាញកាលពីថ្ងៃអង្គារ នឹងត្រូវដាក់ជូនរដ្ឋសភា នៅចុងសប្តាហ៍នេះ ដើម្បីសុំការអនុម័ត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។

ក្រសួងការពារជាតិកូរ៉េខាងត្បូង នឹងត្រៀមថវិកាប្រមាណជា ១៣,៧ ទ្រីលានវ៉ុន ដើម្បីទិញទ្រព្យសម្បត្តិយោធា ដូចជាផ្កាយរណបឃ្លាំមើល និងប្រព័ន្ធរ៉ាដាព្រមានពីមីស៊ីលផ្លោង ដើម្បីធ្វើទំនើបកម្មមីស៊ីល និងបង្កើនសមត្ថភាពឆ្លើយតបទៅនឹង ការគំរាមកំហែង ដោយគ្មានយោធា ដូចជាការទិញនាវាជួយសង្គ្រោះនាវាមុជទឹក។

សំណើថវិការបស់ក្រសួងក៏រួមបញ្ចូល ៧,២ ពាន់លានវ៉ុន សម្រាប់ផែន ការសាងសង់នាវាផ្ទុកយន្តហោះធុនស្រាល នៅឆ្នាំ២០៣៣ និង ១៨,៩ ពាន់លានវ៉ុន សម្រាប់ប្រព័ន្ធស្ទាក់កាំភ្លើងធំ ស្រដៀងទៅនឹងប្រព័ន្ធការពារ Iron Dome របស់អ៊ីស្រាអែលដែរ។

ប្រសិនបើមានការអនុម័តពីសភានោះថវិកាការពារជាតិប្រចាំឆ្នាំនឹង បង្ហាញពីការកើនឡើងជាមធ្យម ៦,៥ ភាគរយក្នុងអំឡុងអាណត្តិប្រធានាធិបតីលោក មូន ជេអ៊ីន ដែលបានចាប់ផ្តើមនៅឆ្នាំ២០១៧ ។

ក្រសួងការពារជាតិជប៉ុន នៅថ្ងៃអង្គារកន្លងទៅនេះ បានស្នើសុំថវិកាចំនួន ៥,៤ ទ្រីលានយ៉េន ស្មើនឹង (៤៩ ពាន់លានដុល្លារអាមេរិក) សម្រាប់សារពើពន្ធ ២០២២ ក្នុងគោលបំណងបង្កើនល្បឿនបង្កើនសមត្ថភាពក្នុងវិស័យថ្មី និងលើកកម្ពស់ការអភិវឌ្ឍន៍ បច្ចេកវិទ្យាថ្មីៗ ដើម្បីដោះស្រាយជាមួយវត្តមានយោធា ដែលកំពុងកើនឡើងរបស់ចិន៕ដោយ ឈូក បូរ៉ា

Most Popular

To Top