អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានតួកគី Demiroren បានរាយការណ៍ថា យ៉ាងហោចណាស់ពលរដ្ឋ ចំនួន៦នាក់បានស្លាប់ និង៧នាក់ផ្សេងទៀតបានរងរបួស នៅគ្រាដែលរថភ្លើងដឹកទំនិញមួយខ្សែ បានបុកនឹងរថយន្តដឹកអ្នកដំណើរធុនតូចចំនួន១គ្រឿង នៅភាគពាយព្យនៃប្រទេសតួកគី នៅថ្ងៃសៅរ៍នេះ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ការបុកគ្នា បានកើតឡើងនៅលើដងផ្លូវរថភ្លើងឆ្លងកាត់ នៅក្នុងស្រុក Ergene ខេត្ត Tekirdag នៅម៉ោងប្រមាណ៨និង០០នាទីព្រឹក ត្រូវនឹងម៉ោង៥ម៉ោងសកល ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា រថយន្តធុនតូច ត្រូវបានកៀរពីមុខរថភ្លើង បន្ទាប់ពីបានបុក ត្រូវបានគេរាយការណ៍ថា បានដឹកក្រុមកម្មកររោងចក្រ ឆ្ពោះទៅស្រុកជិតនេះ គឹស្រុក Cerkezkoy ។
សេចក្តីរាយការណ៍បានឲ្យដឹងថា អ្នករងរបួស ក្នុងនោះរាប់ទាំង៣នាក់ ដែលរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ទន្ទឹមនឹងនេះដែរ ក្រុមអាជ្ញាធរ បានបើកការស៊ើបអង្កេតជុំវិញ ឧប្បត្តិហេតុនេះ ។
មូលហេតុនៃការឧប្បត្តិហេតុ មិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា