ព័ត៌មានអន្តរជាតិ

ប៉ងតាហ្គោន ផ្តល់កុងត្រាតម្លៃ ៦,៦ពាន់លានដុល្លារ ផលិត F-35 បន្ថែមទៀត

បរទេស៖ យោងតាមការប្រកាសជាផ្លូវការមួយ កាលពីថ្ងៃចន្ទម្សិលមិញនេះ មន្ទីរប៉ង់តាហ្គោន បានប្រកាសផ្តល់កុងត្រាថ្មី ដែលមានតម្លៃប្រមាណជា ៦,៦ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុន Lockheed Martin Corp ហើយដើម្បីអាចធ្វើការផលិត នូវយន្តហោះចម្បាំង ប្រភេទ F-35 បន្ថែមទៀត សម្រាប់កងកម្លាំងទ័ពអាកាស របស់អាមេរិក។

កុងត្រានេះគឺមានរយៈពេល សម្រាប់ឆ្នាំសារពើពន្ធ២០២១នេះ និងជម្រើសនៃការបន្តកុងត្រាថ្មី ដល់ឆ្នាំ២០២២និងឆ្នាំ២០២៣ផងដែរ ប៉ុន្តែគោលបំណងសំខាន់ នៃកុងត្រាថ្មីនេះ គឺដើម្បីអាចកាត់បន្ថយតម្លៃថ្លៃដើម នៃការផលិតយន្តហោះចម្បាំង ប្រភេទពេញនិយមមួយនេះ។

តាមការបញ្ជាក់របស់ក្រុមហ៊ុន Lockheed Martin បានឲ្យដឹងថាកុងត្រានេះ គឺបានបញ្ជាក់យ៉ាងច្បាស់ថា តម្លៃថ្លៃដើមដែលបានកាត់បន្ថយ គឺមានប្រមាណជា៣០ភាគរយ តិចជាងយន្តហោះ ដែលបានផលិតកាលពីឆ្នាំ២០២០ ផ្អែកទៅលើការចំណាយ គិតជាម៉ោង នៃការហោះហើររបស់ F-35។

ក្រៅពីនោះកុងត្រានេះ Lockheed Martin ក៏នឹងត្រូវផ្តល់នូវសេវាកម្មមួយចំនួនទៀត ដូចជាការគាំទ្រដល់មូលដ្ឋានទ័ព និងអតិថិជនព្រមទាំងការហ្វឹកហាត់ ដល់អ្នកជំនាញជួសជុល និងការហ្វឹកហាត់សម្រាប់ ពីឡូតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top