អង់គ្លេស៖ ការសិក្សាមួយផ្អែកលើការស្ទង់មតិ លើកុមារ និងយុវជនចំនួន ១០.០០០ នាក់ បានរកឃើញថា ជាង៣ភាគ៤ (៧៧ ភាគរយ) គិតថាអនាគតគួរឲ្យភ័យខ្លាច ហើយជិត ៦ នាក់ក្នុងចំណោម ១០ នាក់និយាយថា ពួកគេព្រួយបារម្ភខ្លាំង ឬខ្លាំងអំពីការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ជាងពាក់កណ្តាលបាននិយាយថា ពួកគេមានអារម្មណ៍ភ័យព្រួយបារម្ភ គ្មានអំណាចគ្មានទីពឹង និងមានទោសហើយស្ទើរតែពាក់កណ្តាល (៤៥ ភាគរយ) បាននិយាយថា កង្វល់របស់ពួកគេជះឥទ្ធិពលអវិជ្ជមាន ដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។
ការរកឃើញបានបង្ហាញថា យុវជនក៏មានអារម្មណ៍ថា រដ្ឋាភិបាលកំពុងបរាជ័យពួកគេ ដោយក្បត់មនុស្សជំនាន់ក្រោយ ដោយនិយាយកុហកពីផលប៉ះពាល់ នៃសកម្មភាពបានធ្វើទៅលើ ការប្រែប្រួលអាកាសធាតុ និងច្រានចោលការព្រួយបារម្ភ របស់ប្រជាជនអំពីបញ្ហានេះ។
តិចជាងមួយភាគបី (៣១ ភាគរយ) គិតថា រដ្ឋាភិបាលកំពុងធ្វើគ្រប់គ្រាន់ ដើម្បីជៀសផុតពីមហន្តរាយ ហើយស្ទើរតែ២ភាគ៥ (៣៩ ភាគរយ) និយាយថា ពួកគេនៅតែស្ទាក់ស្ទើរ ក្នុងការមានកូនទោះបីតួលេខនេះ មានភាពទូលំទូលាយរវាងប្រទេសផ្សេងៗ ក៏ដោយ។
លោកស្រី Caroline Hickman ជាសហប្រធាននៃការស្រាវជ្រាវ នៃសាកលវិទ្យាល័យ Bath បាននិយាយថា វាបានចង្អុលបង្ហាញ ពីរូបភាពដ៏គួរឲ្យរន្ធត់មួយ នៃការព្រួយបារម្ភអំពីអាកាសធាតុ ដែលកំពុងរីករាលដាលនៅក្នុងកុមារ និងមនុស្សវ័យក្មេង ហើយវាបានបង្ហាញពីការភ្ជាប់ ទៅនឹងភាពអសកម្ម របស់រដ្ឋាភិបាល៕ ដោយ៖លី ភីលីព