ព័ត៌មានអន្តរជាតិ

អូស្រ្ដាលី នឹងទទួលបាននាវាមុជទឹក​ ដើរដោយថាមពល​នុយក្លេអ៊ែរ ក្នុងកិច្ចព្រមព្រៀង ភាពជាដៃគូសន្ដិសុខ ជាមួយអាមេរិក និងអង់គ្លេស

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក ឆ្លើយតបទៅនឹងការប្រកួតប្រជែង កាន់តែខ្លាំងឡើងពីប្រទេសចិន បានប្រកាសសម្ព័ន្ធភាពថ្មីមួយ នៅថ្ងៃពុធទី ១៥ ខែកញ្ញា ជាមួយអូស្ត្រាលី និងអង់គ្លេស ដើម្បីពង្រឹងសមត្ថភាព កងទ័ពជើងទឹកនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ជាមួយកងនាវាមុជទឹកនុយក្លេអ៊ែរថ្មី របស់អូស្ត្រាលី។

សេចក្តីប្រកាសនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំតាមវីដេអូ ដោយប្រធានាធិបតីលោក ចូ បៃដិន នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrison និងសមភាគីអង់គ្លេស របស់លោក គឺលោក Boris Johnson បានធ្វើឱ្យប្រទេសបារាំង ខឹងសម្បាយ៉ាងខ្លាំង ដែលបានកំពុងចរចាលក់ នាវាមុជទឹកធម្មតាតម្លៃរាប់ពាន់លានដុល្លារ ទៅឱ្យអូស្ត្រាលី។

សហរដ្ឋអាមេរិក បានប្រកាសបើកសម្ពោធ ភាពជាដៃគូសន្តិសុខថ្មី ជាមួយចក្រភពអង់គ្លេស និងអូស្ត្រាលី ក្នុងកិច្ចប្រឹងប្រែងជាក់ស្តែង ដើម្បីប្រឆាំងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ ដោយចាប់ផ្តើមពីកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការដេញថ្លៃ របស់ទីក្រុងកង់បេរ៉ា ក្នុងការទិញនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ។

នៅថ្ងៃនេះសេតវិមានបានឲ្យដឹងថា“ ថ្ងៃនេះយើងកំពុងបោះជំហាន ជាប្រវត្តិសាស្ត្រមួយទៀត ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅក្នុងចំណោម ប្រជាជាតិទាំងបីរបស់យើង ពីព្រោះយើងទាំងអស់គ្នាទទួលស្គាល់ ពីភាពចាំបាច់​នៃការធានាសន្តិភាព និងស្ថិរភាព នៅឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងរយៈពេលវែង” ។

មន្រ្តីរដ្ឋបាលលោក បៃដិន បានសង្កត់ធ្ងន់ថាភាពជាដៃគូ ដែលមានឈ្មោះថា“ AUKUS” ដែលតំណាងឱ្យឈ្មោះប្រទេសទាំងបី គឺមិនសំដៅលើប្រទេស ជាក់លាក់ណាមួយនោះទេ ប៉ុន្តែសំដៅលើការជំរុញ ផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ក្រុម ដោយប្រកាន់ខ្ជាប់ នូវសណ្តាប់ធ្នាប់អន្តរជាតិ និងការលើកកម្ពស់សន្តិភាព ស្ថិរភាពនៅឥណ្ឌូ-ប៉ាស៊ីហ្វិក

មន្រ្តីរូបនេះបានលើកឡើងថា“ នេះគឺដើម្បីបំពេញបន្ថែមនូវសន្តិសុខ និងភាពជាដៃគូនយោបាយ ដែលកំពុងកើតមាន និងមានបំណងផ្ញើសារ នៃការធានា និងការប្តេជ្ញាចិត្ត ដើម្បីរក្សាជំហររារាំងដ៏រឹងមាំ នៅក្នុងសតវត្សរ៍ទី ២១” ។

ក្រោមភាពជាដៃគូថ្មី ប្រទេសទាំងបី នឹងលើកកម្ពស់ការចែករំលែកព័ត៌មាន និងបច្ចេកវិទ្យាកាន់តែស៊ីជម្រៅ និងពង្រឹងសមត្ថភាពការពារជាតិ និងអន្តរប្រតិបត្តិការរួមគ្នា ដោយផ្តោតជាពិសេសលើសន្តិសុខ តាមអ៊ីនធឺណិត បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាកង់ទិច។

គំនិតផ្តួចផ្តើមដំបូង នឹងមានកិច្ចខិតខំប្រឹងប្រែងរយៈពេល ១៨ ខែ ដែលពាក់ព័ន្ធនឹងប្រទេសទាំងបី ដើម្បីកំណត់អត្តសញ្ញាណ“ ផ្លូវល្អប្រសើរ” សម្រាប់អូស្ត្រាលី ក្នុងការទិញនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយមេដឹកនាំ។

មន្រ្តីរូបនេះបានគូសបញ្ជាក់ ពីសារៈសំខាន់ នៃការចែករំលែកជាមួយអូស្រ្តាលី នូវបច្ចេកវិទ្យានុយក្លេអ៊ែរ ដែលមានលក្ខណៈរសើបបំផុត សម្រាប់គោលបំណងជំរុញ ដោយលើកឡើងថាអង់គ្លេស គឺជាប្រទេសតែមួយគត់ ដែលមានបច្ចេកវិទ្យារបស់អាមេរិក ដោយមានការរៀបចំ តាំងពីឆ្នាំ១៩៥៨៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top