ព័ត៌មានអន្តរជាតិ

បារាំង លុបចោលកិច្ចប្រជុំការពារជាតិ ជាមួយអង់គ្លេស ជុំវិញរឿងកិច្ចព្រមព្រៀង នាវាមុជទឹកអូស្ត្រាលី

បរទេស៖ ប្រទេសបារាំង នាពេលថ្មីៗនេះ បានលុបចោលកិច្ចប្រជុំមួយ រវាងរដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធ លោកស្រី Florence Parly និងសមាភាគីអង់គ្លេសរបស់លោកស្រី ដែលគ្រោងធ្វើឡើងនៅក្នុងសប្ដាហ៍នេះ ក្រោយអូស្ត្រាលី បានលុបចោលការបញ្ជាទិញនាវាមុជទឹក ជាមួយប៉ារីស ដោយបែរទៅធ្វើកិច្ចព្រមព្រៀង ទិញជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍វិញ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Daily Maverick នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោកស្រី Florence Parly បានធ្វើការសម្រេចចិត្តដោយផ្ទាល់ ក្នុងការលុបចោលជំនួបទ្វេភាគី ជាមួយរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace នោះ។

ក្រសួងការពារជាតិ នៃប្រទេសបារាំង នៅពេលភ្លាមៗនេះ នៅមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែម ពីរឿងនេះនោះទេ ចំណែកក្រសួងការពារជាតិអង់គ្លេស តាមសេចក្តីរាយការណ៍ បានបដិសេធមិនផ្តល់ ការអត្ថាធិប្បាយនោះឡើយ។
គួរបញ្ជាក់ថា ការលុបចោលកុងត្រា ទិញលក់នាវាមុជទឹកមានទំហំទឹកប្រាក់ រាប់ពាន់លានដុល្លារ ដែលបានធ្វើឡើង នៅក្នុងឆ្នាំ២០១៦នោះ បានបង្កឲ្យមានវិបត្តិការទូត ជាមួយទីក្រុងប៉ារីស ដែលក្នុងពេលថ្មីៗនេះ បានកោះហៅត្រឡប់វិញ នូវឯកអគ្គរាជទូតរបស់ខ្លួន ប្រចាំនៅសហរដ្ឋអាមេរិក និងអូស្ត្រាលី៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top