ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ព្រមានអាមេរិក ប្រថុយនឹងការប្រកួតប្រជែង អាវុធនុយក្លេអ៊ែ ជុំវិញកិច្ចព្រមព្រៀង នាវាមុជទឹកអូស្ត្រាលី

បរទេស៖ ប្រទេសកូរ៉េខាងជើង បានព្រមានអំពីការអាចមានទង្វើវាយបកវិញ ប្រសិនបើខ្លួនរកឃើញថា កិច្ចព្រមព្រៀងអាមេរិកថ្មី ផ្តល់នាវាមុជទឹកដើរដោយ ថាមពលនុយក្លែអ៊ែ ដល់ប្រទេសអូស្ត្រាលី គឺជាការគម្រាមកំហែងមួយ ចំពោះសន្តិសុខរបស់ខ្លួន នេះបើតាមសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA។

ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា ទាំងភាពជាដៃគូសន្តិសុខ​ សហរដ្ឋអាមេរិក ជាមួយអង់គ្លេស និងអូស្ត្រាលី ដែលមានឈ្មោះ AUKUS នោះ និងកិច្ចព្រមព្រៀងនាវាមុជទឹក គឺជាទង្វើមិនជាទីប្រាថ្នា និងគ្រោះថ្នាក់ក្រៃលែង ដែលនឹងធ្វើឲ្យប៉ះពាល់ ដល់តុល្យភាពយុទ្ធសាស្ត្រ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបង្កឲ្យក្រសែ នៃការប្រកួតប្រជែង អាវុធនុយក្លេអ៊ែ។

សេចក្តីថ្លែងការណ៍កូរ៉េខាងជើងនេះ បានបន្ថែមទៀតថា “សូម្បីតែសម្ពន្ធមិត្តសហរដ្ឋអាមេរិកមួយ ក៏ហៅការធ្វើបែបនោះ របស់សហរដ្ឋអាមេរិក ថាជាការសម្រេចចិត្តដ៏សាហាវ ឯកតោភាគី និងមិនអាចទាយទុកមុនបាន និងជាការចាក់មួយកំាបិតពីក្រោយ”។

គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់ប្រទេសកូរ៉េខាងជើង គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីមន្ត្រីរដ្ឋាភិបាលចិន បានឆ្លើយតបចំពោះកិច្ចព្រមព្រៀង នាវាមុជទឹកនោះ ដោយព្រមានអំពីការប្រកួតប្រជែងអាវុធ និងស្របពេលដែលកូរ៉េខាងជើង ហាក់កំពុងបង្កើនកម្មវិធី មីស៊ីលរបស់ខ្លួន៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top